(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌដូនពេញ និងប្រធានផ្សារកណ្តាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០២នេះ បាននាំម៉ាសក្រណាត់ ដែលរាជរដ្ឋាភិបាលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ យកមកចែកជូនដល់បងប្អូនអាជីវករជាច្រើននាក់នៅផ្សារកណ្តាល ដើម្បីចូលរួមទប់ស្កាត់ បង្ការ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ។
សម្តេចបានបញ្ជាឱ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។
ភ្លាមៗក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល, ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់ ២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ផងដែរ៕