(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១,០២០គ្រួសារ ដែលមានទីតាំងតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
លើកឡើងក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនំាការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច។
លោកស្រីកិត្តិសង្គហបណ្ឌិតបានបន្ថែមថា សម្តេចតេជោ ពិតជាសោកស្តាយដែលមិនអាចមកចូលរួមផ្ទាល់ ប៉ុន្តែសម្តេចបានចាត់ឲ្យតំណាងចូលរួម ទៅកាន់ខេត្តគោលដៅ តាមផែនការកំណត់ដោយតាមដាន ការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះ ឲ្យបានទាន់ពេលវេលានៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។
លោកស្រីក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ដើម្បីការពារខ្លួនព្រមទាំងក្រុមគ្រួសារ និងសហគមន៍ពីជំងឺកូវីដ១៩ ដោយមកដល់ពេលនេះជំងឺនេះ នៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់ គ្នាចូលរួមពង្រឹងនូវ ភូមិឃុំមានសុវត្ថិភាព និងជៀងផុតពីគ្រឿងញៀន។ ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើង រួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត។
អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋ ១,០២០គ្រួសារ រួមមាន ក្នុង ១គ្រួសារទទួលបានស្រូវពូជ ១០០គីឡូក្រាម មី ១កេស នំប៉័ង ១ដើម និងថវិកា ៥ម៉ឺនរៀល៕