(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបរិវេណវត្តត្រពាំងជុំ ភូមិតាសុខ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជចំនួន១៧១ តោន និងពូជបន្លែ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ឆ្នាំងចំនួន១ ៧១០ គ្រួសារ។
ប្រជាពលរដ្ឋទាំង ១៧១០គ្រួសារនេះ ក្នុងនោះមាន មកពីស្រុកបរិបូណ៌ចំនួន ២២៥ គ្រួសារ ស្រុកជលគីរី ចំនួន ៥៦៧ គ្រួសារ ស្រុកកំពង់លែងចំនួន ១៥២ គ្រួសារ ស្រុកកំពង់ត្រឡាចចំនួន ៣២២ គ្រួសារ ស្រុករលាប្អៀរចំនួន ៤១៤ គ្រួសារ និងក្រុងកំពង់ឆ្នាំងចំនួន ៣០ គ្រួសារ ដោយមួយគ្រួសារទទួលបាន ស្រូវពូជ១០០ គីឡូក្រាម និងពូជបន្លែ ៦ មុខ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោករដ្ឋមន្ត្រី បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខ ជាមួយបងប្អូនជនរងគ្រោះ ដោយសារគ្រោះធម្មជាតិ នៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តកំពង់ឆ្នាំង និងបានលើកទឹកចិត្ត ជំរុញឱ្យកសិករត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីឡើងវិញ។
បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យជាប់ជានិច្ច ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់។ បន្ថែមពីនេះ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានដាច់ខាត ត្រូវបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ បទល្មើសនានា ពិសេសបញ្ហាគ្រឿងញៀនឱ្យខានតែបាន ព្រោះវាជាប្រភពបំផ្លាញនូវធនធានមនុស្សយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាត្រូវបន្តក្តាប់អោយជាប់នូវបញ្ហា ធ្វើការដោះស្រាយបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តល់ជូនសេវាសាធារណៈជូនឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់៕