(ឧត្តរមានជ័យ)៖ មន្រ្តីសាខា ក.ប.ប ខេត្តឧត្តរមានជ័យ បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី «ការយល់ដឹងអំពីខ្លឹមសារ នៃច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ផលិតផល ប្រេងឥន្ធនៈនៅកម្ពុជា»។
វគ្គផ្សព្វផ្សាយនេះបានធ្វើឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ ក្រោមអធិបតីភាពលោក ហួន វ៉ាននិត អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ពេជ ច័ន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប តំណាងលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប។ សិក្ខាសាលានេះ មានកិច្ចសហការរៀបចំដោយរដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរពាណិជ្ជកម្ម អង្គភាពពាក់ព័ន្ធ ស្នងការរងនគរបាលខេត្ត បញ្ជាការរាជអាវុធហត្ថខេត្ត បញ្ជាការសឹករងខេត្ត អភិបាលអភិបាលរង ក្រុង ស្រុក និងម្ចាស់ស្ថានីយ/ដេប៉ូ ចែកចាយប្រេងឥន្ធនៈ មកពីបណ្ដារក្រុង ស្រុក ក្នុងខេត្ត សរុបចំនួន៩១នាក់។
លោក លិញ សុវឌ្ឍនា ប្រធានសាខាក.ប.ប. ខេត្ត បានឡើងធ្វើចំណាប់អារម្មណ៍ និងរបាយការណ៍ការងារកន្លងមក ជូនគណៈអធិបតី និងអង្គពិធីជ្រាបបន្ទាប់មកនាឱកាសនោះ ជាមតិស្វាគមន៍លោក ពេជ ច័ន្ទ បានលើកឡើងថា វេទិកាផ្សព្វផ្សាយលើការយល់ដឹងអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈថ្ងៃនេះ មានបំណងបង្កើនសមត្ថភាពយល់ដឹង ដល់ភាគីពាក់ព័ន្ធឱ្យបានស៊ីជម្រៅពីការអនុវត្តច្បាប់ ដែលពាក់ព័ន្ធ ដើម្បីដំណើរការអាជីវកម្ម ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ឱ្យមានលក្ខណៈសមស្រប និងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា។
លោក ពេជ ច័ន្ទ សង្ឃឹមថា វេទិកាថ្ងៃនេះ គឺជាឱកាសមួយដ៏សំខាន់ ក្នុងការផ្លាស់ប្តូរមតិយោបល់ និងចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឱ្យភាគីពាក់ព័ន្ធអាចធ្វើការកែលម្អទាំងផ្នែកគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងក៏ដូចជាការធ្វើអាជីវកម្ម ក្នុងការដាក់លក់ផលិតផល ប្រេងឥន្ធនៈឱ្យកាន់តែមានភាពសុក្រឹត្យ និងជំរុញការប្រកួតប្រជែងស្មោះត្រង់ រវាងបណ្ដាអាជីវករ ដែលកំពុងធ្វើអាជីវកម្ម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។
ថ្លែងបើកវគ្គផ្សព្វផ្សាយក្នុងឱកាសនោះ លោក ហួន វ៉ាន់និត បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្តសង្ឃឹមថា បន្ទាប់ពីបានឆ្លងកាត់វគ្គផ្សព្វផ្សាយខ្លឹមសារនៃច្បាប់នេះហើយ ពាណិជ្ជករទាំងអស់នឹងគោរពអនុវត្តតាម ដើម្បីជាផលប្រយោជន៍ នៃសង្គមជាតិយើងទាំងអស់គ្នា ហើយក៏ស្នើសុំស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសអង្គភាព នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ត្រូវខិតខំពង្រឹងការងាររបស់ខ្លួនទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា កុំឱ្យទំនិញមិនប្រក្រតី បញ្ហាគុណភាព និងសុវត្ថិភាព មានដាក់លក់លើទីផ្សាររបស់យើង។
វគ្គផ្សព្វផ្សាយស្តីពី «ការយល់ដឹងអំពីខ្លឹមសារ នៃច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការធ្វ់អាជីវកម្ម ផលិតផល ប្រេងឥន្ធនៈនៅកម្ពុជា» ក៏មានធ្វើបទបង្ហាញដោយលោក ពេជ ច័ន្ទ, លោក ម៉េង សុងឃាង ប្រធាននាយកដ្ឋាន កិច្ចការប្រកួតប្រជែង នៃអគ្គនាយកដ្ឋាន ក.ប.ប.។
វគ្គផ្សព្វផ្សាយមានការឡើងជាសំណួរជាច្រើនពីសំណាក់បងប្អូនដែលជាម្ចាស់ស្ថានីយ-ដេប៉ូ ព្រមទាំងមានការបកស្រាយយ៉ាងក្បោះក្បាយពីវាគ្មិនទាំងពីរផងដែរ ហើយបានដំណើរការដោយរលូន និងជោគជ័យ៕