(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ទោះបីការសិក្សារបស់សិស្សមានការផ្អាកសិក្សាជាបណ្តោះអាសន្ន នៅតាមទីតាំងមួយចំនួនតូច ដោយសារព្រឹត្តិការណ៍ ០៣ ខែវិច្ឆិកា តម្រូវឲ្យក្រសួងអប់រំផ្អាកការសិក្សានៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល រយៈពេល២សប្តាហ៍យ៉ាងណាក្តី ក៏ក្រសួងអប់រំមិនទាន់មានផែនការលើកពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូនោះទេ។
លោក សុវាចា បញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក្តីក្រសួងអប់រំ នៅបន្តតាមដាន និងវាយតម្លៃស្ថានការវិវត្តទាក់ទងស្ថានភាពនៃការរីករាលជំងឺកូវីដ១៩ ហើយមានអ្វីប្រែប្រួលនោះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា «បើទោះបីការសិក្សារបស់សិស្សមានការផ្អាកមួយចំនួនតូចក្តី ក៏គុណភាពប្រឡងសម្រាប់ឆ្នាំ២០២០នេះ នៅរក្សាដូចឆ្នាំមុនៗដដែល ដោយសារក្រសួងអនុវត្តន៍គោលការណ៍ធំៗ៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងជូនដល់សិស្សានុសិស្ស និងបេក្ខជនប្រឡងផ្ទាល់»។
លោកបញ្ជាក់ថា នៅក្នុងការប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០២០នេះ ក្រសួងអប់រំក៏នៅតែផ្តល់ជូននិទ្ទេស (និទ្ទេស A, B, C, D និង E) ជូនដល់បេក្ខជន ដូចឆ្នាំមុនផងដែរ។ ធ្វើបែបនេះដើម្បីរក្សាគុណភាពនៃការប្រឡងរបស់បេក្ខជន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ របស់បេក្ខជនទាំងអស់។
សូមជម្រាបថា ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕