(ភ្នំពេញ)៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ចេញម៉ាសក្រណាត់ចំនួន២លានម៉ាស ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងបានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ភ្លាមៗនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ចឲ្យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញប្រតិបត្តការដឹកជញ្ជូនម៉ាសរបស់សម្តេចតេជោ ហ៊ុន សែន ទាំង២លានម៉ាសចេញពីឃ្លាំង យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីបែងចែកជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ បានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩។
ក្នុងប្រតិបត្តិការដឹកជញ្ជូនម៉ាស របស់សម្តេចតេជោ ហ៊ុន សែន នាឱកាសនេះអាវុធហត្ថរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងប្រមាណ៦០នាក់ រថយន្តដឹកជញ្ជូនធុនធំចំនួន ៤គ្រឿង ចេញទៅដល់គោលដៅលីសែង លើកដាក់ម៉ាសលើរថយន្ត និងទម្លាក់ចុះតាំងពីពេលទទួលបានការប្រគល់ភារកិច្ចភ្លាមៗ រហូតដល់ម៉ោងជិត១០យប់ ទើបត្រឡប់ចូលទីបញ្ជាការវិញ ត្រៀមអនុវត្តន៍បទបញ្ជាផ្សេងទៀត តាមការចាត់តាំងរបស់ថ្នាក់លើ ២៤ម៉ោងលើ២៤ម៉ោង ហើយអាវុធហត្ថរាជធានីភ្នំពេញ ក៏មិនបានធ្វេសប្រហែស ក្នុងការចូលរួមការពារការរីករាលដាលនូវជំងឺឆ្លង កូវីដ-១៩ នេះដែរ ដោយទាំងមុននិងក្រោយពេលចេញបំពេញបេសកកម្ម គឺតែងតែលាងដៃនឹង សាប៊ូជាប់ជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគលើសម្លៀក បំពាក់ ក៏ដូចជាសម្ភារៈប្រើប្រាស់និងមធ្យោបាយដឹកជញ្ជូន ព្រមទាំងពាក់ម៉ាស ត្រួតពិនិត្យកំដៅគ្រប់ៗគ្នា៕