(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន Fresh News បានប្រកាសច្រានចោលព័ត៌មានចចាមអារាមស្តីពី «ការបិទរាជធានីភ្នំពេញ» និង «ហាមធ្វើដំណើរឆ្លងខេត្ត»។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ផៃ ស៊ីផាន បានគូសបញ្ជាក់បែបនេះ «មិនមានសេចក្តីប្រកាសណាមួយពី សម្តេចតេជោ ហ៊ុន សែន ឱ្យបិទរាជធានីភ្នំពេញ ឬការធ្វើដំណើរឆ្លងខេត្តនោះឡើយ។ ខ្ញុំសូមច្រានចោលនូវព័ត៌មាននេះទាំងស្រុង»។
លោក ផៃ ស៊ីផាន បានចាត់ទុកការប្រឌិតព័ត៌មាននេះឡើង ក្នុងចេតនាទុច្ចរិត ឬបង្កើតវិធង្សនាអ្វីមួយ។ លោក ក៏បានស្នើឱ្យសមត្ថកិច្ចតាមស្វែងរកជនទម្លាយសំឡេងនេះ ហើយផ្តន្ទាទោសទៅតាមច្បាប់។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ ក៏បានទទូចស្នើសុំមហាជនកុំឱ្យមានការជ្រួលច្របល់ និងជឿលើការប្រឌិតព័ត៌មាននេះ។
សូមបញ្ជាក់ថា ការចេញមកប្រតិកម្ម និងច្រានចោលព័ត៌មានប្រឌិតទាំងយប់នេះ បន្ទាប់ពីមានការចែកចាយសំឡេងបុរសម្នាក់នៅតាមបណ្តាញសង្គម ដោយបានលើកឡើងថា នឹងមានការបិទរាជធានីភ្នំពេញ ដើម្បីជាវិធានការទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ១៩។
ក្រៅតែពីការផ្សព្វផ្សាយប្រឌិតព័ត៌មានបិទរាជធានីហើយនោះ មានជនខ្លះក៏បានចែករំលែកសំឡេងណែនាំរបស់សម្តេចតេជោ កាលពីពេលបុណ្យចូលឆ្នាំថ្មី ស្តីពីការហាមមិនឱ្យធ្វើដំណើរឆ្លងខេត្តផងដែរ។ ការចែកចាយសំឡេងនេះ នាំឱ្យមានការយល់ច្រឡំជាច្រើន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសំឡេងផ្ញើជូនជនរួមជាតិកាលពីពេលថ្មីៗនេះ សម្តេចមិនទាន់បញ្ជាក់ពីសេចក្តីសម្រេចចិត្តណាមួយក្នុងការបិទរាជធានីភ្នំពេញនោះឡើយ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យស្លន់ស្លោជ្រុលលើបញ្ហានេះ និងបានអរគុណដល់អ្នកលក់ដូរផងដែរ ដែលមិនឆ្លៀតឱកាសនេះធ្វើឱ្យមានការឡើងថ្លៃទំនិញលើទីផ្សារ៕