(ស្ទឹងត្រែង)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាត់ឱ្យលោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវខួបដោយក្រាលគ្រួសអាចម៍ផ្កាយចំនួន ០១ខ្សែ មានប្រវែង១៤,៥០០ម៉ែត្រ, ទទឹងខ្នងលើ ៦ម៉ែត្រ, កម្រាស់ ០,២ ម៉ែត្រ និងសាងសង់លូមូលមុខទំហំ ០១ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន០២កន្លែង ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
គណៈប្រតិភូអន្តរក្រសួងមកពី ក្រសួងអភិវឌ្ឍន៍ជនបទ-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារជួសជុល និងថែទាំផ្លូវលក្ខណៈខួបតាមគម្រោងដែលមាន៖ ការងារជួសជុលផ្លូវខួបក្រាលគ្រួសអាចម៍ផ្កាយល្បាយ ប្រវែង ១៤,៥០០ម៉ែត្រ ទទឹងខ្នងលើ ០៦ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ និងសាងសង់លូថ្មីចំនួន ២កន្លែង ដែលមានមុខកាត់ ០១ម៉ែត្រ ប្រវែង០៨ម៉ែត្រ។
ជាលទ្ធផលក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗរួចមក គណៈកម្មការអន្តរក្រសួងបានប្រជុំសម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោង ដោយពិនិត្យឃើញថា សំណង់នៅរក្សាគុណភាព និងសោភ័ណភាពបានល្អត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ១០០ភាគរយ។
លោក ប៊ុន ច័ន្ទវណ្ណៈ ក៏បានបញ្ជាក់ថា ការចុះពិនិត្យគម្រោងសកម្មភាពសាងសង់ផ្លូវនេះ គឺស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានបញ្ជាក់ថាការស្តារ និងកែលម្អផ្លូវលំតាមភូមិ-ឃុំ គឺជាការរួមចំណែកដល់ការតភ្ជាប់គ្នារវាងភូមិ និងឃុំ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរពីភូមិមួយ ទៅភូមិមួយ និងពីឃុំមួយ ទៅឃុំមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនដំណាំកសិផលកសិកម្មរបស់ពួកគាត់ទៅកាន់ទីផ្សារ និងបានបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ នៅពេលដែលពួកគាត់មានជំងឺទៅមណ្ឌលសុខភាពព្យាបាលជំងឺជាពិសេសទៀតនោះ ងាយស្រួលដល់ប្អូនៗសិស្សានុសិស្សក្នុងការធ្វើដំណើរទៅសិក្សានៅឯសាលារៀន និងងាយស្រួល ដល់ប្រជាពលរដ្ឋទៅរកសេវារដ្ឋបាលសាធារណៈជាដើម ដែលជាសេវាតម្រូវការមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប៊ុន ច័ន្ទវណ្ណៈ បានបន្តដំណើរចុះត្រួតពិនិត្យជាក់ស្តែងនូវស្ពានឈើចំនួន ២កន្លែង ដែលចាស់ទ្រុដទ្រោម ដើម្បីស្នើសុំទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ នុកសាងជាស្ពានបេតុងជំនួសជាដើម៕