(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចូលរួមដង្ហែព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកទិវាឯករាជ្យជាតិលើកទី៦៧ ដែលបានដុតបំភ្លឺអស់រយៈពេល៣ថ្ងៃ នៅវិមានឯករាជ្យ ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។
នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូតប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
កម្ពុជាបានទទួលឯករាជ្យពីអាណានិគមបារាំង កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយចាប់ពីពេលនោះមក កម្ពុជាបានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំងនាពេលនោះ៕