(ភ្នំពេញ)៖ អ្នកនាំពាក្យស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៉ីនតោន ឌីស៉ី សហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ទាត់ចោលការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាព និងកិត្តិយសរបស់ស្ថានទូត។ ជាមួយគ្នានេះ ស្ថានទូតខ្មែរបានប្រកាសថា ខ្លួនផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពលរដ្ឋខ្មែរទូទៅ តែមិនមែនជាមួយបុគ្គលក្រៅច្បាប់ឡើយ។
ការចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន១២រូប អះអាងថា «ស្ថានទូតមិនទទួលជួបពលរដ្ឋខ្មែរ» បន្ទាប់ពីពួកគេបានទៅមុខស្ថានទូត ដើម្បីស្នើសុំបន្តសុពលភាព លិខិតឆ្លងដែន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺឲ្យដឹងថា ពាក់ព័ន្ធនឹងការលើកឡើងពីក្រុមប្រឆាំងទាំងនោះ ស្ថានទូតបំភ្លឺ ៤ចំណុច រួមមាន៖
១៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតបានផ្តោតការយកចិត្តទុកដាក់ ជាពិសេសដល់ការលើកកម្ពស់ទំនាក់ទំនងរបស់ស្ថានទូតជាមួយសហគមន៍ខ្មែរនៅក្នុងប្រទេសដែលស្ថានទូតតាំងនៅ។ ក្នុងស្មារតីនេះ ស្ថានទូតបាន និងកំពុងខិតខំបំពេញដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់នូវសេវាផ្សេងៗ ដល់ពលរដ្ឋខ្មែរទូទៅស្របទៅតាម សំណូមពរ និងតម្រូវការរបស់បងប្អូនទាំងអស់ ហើយនិងលទ្ធភាពជាក់ស្តែងរបស់ស្ថានទូត។
២៖ សារដ៏សំខាន់មួយដែលជានិច្ចជាកាលស្ថានទូតបានផ្ញើជូនសហគមន៍ខ្មែរនៅទូទាំងសហរដ្ឋអាមេរិក គឺ «ពលរដ្ឋខ្មែរទាំងអស់ត្រូវបានស្វាគមន៍ក្នុងទំនាក់ទំនងជាមួយស្ថានទូត ទាំងការអញ្ជើញមកដោយផ្ទាល់ ទាំងតាមរយៈទូរស័ព្ទ ឬសារអេឡិចត្រូនិច (Email)។ ស្ថានទូត នឹងខិតខំគ្រប់លទ្ធភាពដោះស្រាយសំណើរបស់បងប្អូនទាំងអស់»។ ស្ថានទូតក៏បានប្រកាន់ ខ្ជាប់ទៅតាមគោលការណ៍នេះ។
៣៖ កន្លងមក ស្ថានទូតមានការរីករាយ និងទទួលបាននូវការលើកទឹកចិត្ត តាមរយៈការលើកសរសើរ ការវាយតម្លៃខ្ពស់របស់សហគមន៍ខ្មែរ ចំពោះការខិតខំរបស់ស្ថានទូតក្នុងការផ្តល់ សេវាផ្សេងៗដល់ពលរដ្ឋខ្មែរជាអាទិ៍៖ សេវាកុងស៊ុល ដូចជាការពន្យារពេលលិខិតឆ្លងដែន ការចេញលិខិតធ្វើដំណើរបណ្ដោះអាសន្ន ការផ្តល់ទិដ្ឋាការចូលកម្ពុជា ការផ្តល់លិខិតបញ្ជាក់ផ្សេងៗ។ល។ ហើយនិងការជួយសម្របសម្រួលដោះស្រាយនូវឧបសគ្គ និងបញ្ហាមួយចំនួនរបស់ពលរដ្ឋខ្មែរក្នុងការធ្វើដំណើរទៅកម្ពុជា ជាពិសេសក្នុងសភាព ការណ៍ដ៏លំបាកបង្កដោយការរីករាលដាលនៃជំងឺ COVID-19 ដែលពេលខ្លះតម្រូវឱ្យមានការសម្របសម្រួលរួមគ្នារវាងស្ថានទូតនៅសហរដ្ឋអាមេរិក និងស្ថានទូតកម្ពុជានៅតាម ប្រទេសឆ្លងកាត់នានា ដើម្បីដោះស្រាយធានាបានការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់ពលរដ្ឋខ្មែរ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល។ ស្ថានទូតមានមោទនភាពចំពោះការងាររបស់ខ្លួនកន្លងមក និងកំណើនជំនឿទុកចិត្តរបស់ពលរដ្ឋខ្មែរចំពោះស្ថានទូត ហើយស្ថានទូតនឹងបន្តជំរុញបន្ថែមទៀត។
៤៖ ហេតុការណ៍ដែលបានកើតឡើងនៅមុខស្ថានទូត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងនោះ ស្ថានទូតមិនរវីរវល់អើពើចំពោះវត្តមានរបស់បុគ្គលមួយក្តាប់តូចក្រោមផ្លាក របស់អង្គការចាត់តាំងនយោបាយក្រៅច្បាប់មួយ ក្រោយពីត្រូវបានតុលាការកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា សម្រេចរំលាយចោល តាមសាលដីកាលេខ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបន្ទាប់មកត្រូវបានក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយនៅកម្ពុជា តាមប្រកាសចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពុំអាចត្រូវបានប្រើប្រាស់សម្រាប់ការចោទប្រកាន់ថា «ស្ថានទូតមិនទទួលជួបពលរដ្ឋខ្មែរ» នោះបានឡើយ៕