(ភ្នំពេញ)៖ តបតាមលិខិតអញ្ជើញជាផ្លូវការចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ដោយលោក Sunil Arora ប្រធាន គ.ជ.ប ឥណ្ឌា, គ.ជ.ប កម្ពុជា ដឹកនាំដោយលោកប្រធាន ស៉ិក ប៊ុនហុក បានចាត់តាំងប្រតិភូជាន់ខ្ពស់ គ.ជ.ប ២រូប រួមមាន លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប និង លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ឱ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅរដ្ឋប៊ីហា (Bihar) ឆ្នាំ២០២០ នៃប្រទេសឥណ្ឌា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
គ.ជ.ប កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំការបោះឆ្នោតនៅ រដ្ឋប៊ីហា (Bihar) ថាប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ តម្លាភាព និងសុវត្ថិភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាឱកាសដល់ការសង្កេតមើល និងស្វែងយល់អំពីការអនុវត្តល្អៗក្នុងការបោះឆ្នោតនៅរដ្ឋប៊ីហា (Bihar) ក្នុងសម័យកូវីដ-១៩ និងការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកម្រិតខ្ពស់ដ៏គួរឱ្យចាប់អារម្មណ៍។ បន្ទាប់ពីបានសង្កេតការណ៍បោះឆ្នោត យ៉ាងយកចិត្តទុកដាក់តាមប្រព័ន្ធអនឡាញ ពីប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃ កន្លងមកនេះ គ.ជ.ប កម្ពុជា យល់ឃើញថាប្រព័ន្ធព័ត៌មានវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោតនៅប្រទេសឥណ្ឌា ខណៈដែលប្រទេសមួយនេះ និងពិភពលោកកំពុងប្រឈមនឹងការរាតត្បាតដោយជំងឺកូវីដ-១៩។
តាមការសង្កេតមើល ស្ទើរតែគ្រប់ដំណាក់កាលនៃដំណើរការបោះឆ្នោត មានការបំពាក់សម្ភារបច្ចេកវិទ្យាព័ត៌មាន (ICT) ដូចជាកម្មវិធីនានា ក្រោមសកម្មភាពនៃកម្មវិធីអប់រំអ្នកបោះឆ្នោត និងការចូលរួមបោះឆ្នោតដោយប្រព័ន្ធ (SVEEP)។
ម៉ាស៉ីនបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិច (EVM) ត្រូវបានប្រើសម្រាប់ការបោះឆ្នោត ដែលដំណើរការបោះឆ្នោតនេះ ជួយសម្រួលដល់អ្នកបោះឆ្នោតចំនួនច្រើនជាង ៧៣លាននាក់ អាចទៅបោះឆ្នោតបានដោយប្រើរយៈពេលខ្លី និងជាពិសេស គឺវាជួយកាត់បន្ថយហានិភ័យនៃការលួចបន្លំសន្លឹកឆ្នោត។ ការធ្វើតេស្ត ដោយម៉ាស៉ីន EVM មុនពេលបោះឆ្នោត ត្រូវបានទទួលស្គាល់ដោយភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ដែលមានវត្តមាននៅក្នុងការិយាល័យបោះឆ្នោត។
នេះជាលើកទី១ ហើយ ដែលគ.ជ.ប កម្ពុជា ទទួលបានមេរៀន និងបទពិសោធន៍ល្អៗពីការចូលរួមសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញ។ កម្មវិធីសង្កេតការណ៍អន្តរជាតិតាមប្រព័ន្ធអនឡាញនេះ ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសជាង ៤០ ក្នុងពិភពលោកទៀតផងដែរ។
មិនតែប៉ុណ្ណោះក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់អង្គការអន្តរជាតិធំៗចំនួន ៣ រួមមាន៖
* អង្គការមូលនិធិអន្តរជាតិដើម្បីប្រព័ន្ធបោះឆ្នោត (IFES)
* វិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យ និងជំនួយផ្នែកបោះឆ្នោត (International IDEA)
* និងសមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) ដែល គ.ជ.ប កម្ពុជាជាសមាជិកពេញសិទ្ធិ។
សមាជិក សភានៅរដ្ឋប៊ីហា (Bihar) នៃប្រទេសឥណ្ឌា មាន ចំនួន ២៤៣រូប ដោយត្រូវបោះឆ្នោតជ្រើសតាំងពីប្រជាពលរដ្ឋតាមកាលបរិច្ឆេទដូច ខាងក្រោម៖
* សមាជិកសភា ចំនួន ៧១រូប ត្រូវបានជ្រើសតាំងពីប្រជាពលរដ្ឋនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
* សមាជិកសភា ចំនួន ៩៤រូប ត្រូវបានជ្រើសតាំងពីប្រជាពលរដ្ឋនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០
* សមាជិកសភា ចំនួន ៧៨រូប ត្រូវបានជ្រើសតាំងពីប្រជាពលរដ្ឋនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០
ដោយឡែកសម្រាប់អ្នកសង្កេតការណ៍ជាតិវិញត្រូវបែងចែកជា ៣ សំខាន់ៗ រួមមាន៖
* អ្នកសង្កេតការណ៍ទូទៅ (General Observers) មានចំនួន ១៣០នាក់
* អ្នកសង្កេតការណ៍ជាអាជ្ញាធរប៉ូលីស (Police Observers) មានចំនួន ៣៧នាក់
* អ្នកសង្កេតការណ៍ពិសេស (Expenditure Observers) មានចំនួន ៦៧នាក់
* ក្រៅពីនេះក៏មានអ្នកសង្កេតការណ៍ដែលជាផ្នែកតូចៗ (Micro Observers) ចំនួន ៧.៥២៣នាក់ផងដែរ
* សរុបអ្នកសង្កេតការណ៍ជាតិសម្រាប់ការបោះឆ្នោតនៅរដ្ឋប៊ីហា នៃប្រទេសឥណ្ឌា មានចំនួន ៧.៧៦៧នាក់។
គ.ជ.ប កម្ពុជាយល់ឃើញថាគ្រប់ដំណាក់កាល នៃដំណើរការបោះឆ្នោត ត្រូវបានធ្វើឡើងស្របតាមនីតិវិធី។ គ.ជ.ប ឥណ្ឌា ផ្តល់ទំនុកចិត្តដល់អ្នកបោះឆ្នោតក្នុងដំណើរការបោះឆ្នោត ក្នុងន័យមិនធ្វើឱ្យមាន ភាពភ័យខ្លាចពីជំងឺកូវីដ-១៩ ដែលអាចមកបំបាក់ស្មារតីអ្នកបោះឆ្នោតបាននោះឡើយ។ មន្ត្រីការិយាល័យបោះឆ្នោតដែលបំពាក់ដោយសម្ភារការពារជំងឺកូវីដ-១៩ នៅតាមការិយាល័យបោះឆ្នោត បានបំពេញការងារដោយប្រុងប្រយ័ត្ន និងប្រកបដោយវិជ្ជាជីវៈ។
គ.ជ.ប មើលឃើញថា មន្ត្រីរក្សាសន្តិសុខ មានវត្តមាននៅតាមមណ្ឌលបោះឆ្នោតដោយប្រកាន់ខ្ជាប់នូវតួនាទីរក្សាសន្តិសុខក្នុងការបោះឆ្នោត ដោយគ្មានការជ្រៀតជ្រែក។ ជាងនេះទៅទៀត ចំនួនអ្នកចូលរួមជាយុវជន ស្ត្រី និងអ្នកធ្លាប់បោះឆ្នោត មានការកើនឡើង។
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៅរដ្ឋប៊ីហា (Bihar) តែងតែផ្តល់ស្ថិតិនៃចំនួនអ្នកចេញទៅបោះឆ្នោត និងព័ត៌មាន សំខាន់ៗផ្សេងទៀតជូនដល់អ្នកបោះឆ្នោត។ គ.ជ.ប កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំការបោះឆ្នោតនៅ រដ្ឋប៊ីហា (Bihar) ថាប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ តម្លាភាព និងសុវត្ថិភាព។
សូមជម្រាបជូនថាលទ្ធផលនៃការបោះឆ្នោតនៅរដ្ឋប៊ីហា (Bihar) ដែលត្រូវបានប្រកាសតាមរយៈការ បូកសរុបសន្លឹកឆ្នោតដោយ គ.ជ.ប ឥណ្ឌា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បង្ហាញថាគណបក្ស Bharatiya Janata Party (BJP) ទទួលបានអាសនៈច្រើនជាងគេក្នុងសភារដ្ឋប៊ីហា (Bihar) ក្នុងចំណោមអាសនៈសរុបចំនួន ២៤៣៕