(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានប្រគល់ជូននូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន ៥០.០០០ សន្លឹកដល់ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្សព្វផ្សាយបញ្ជ្រាបពីបញ្ហាគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋតាមរយៈក្រុមមន្រ្តីជួរមុខនៅមូលដ្ឋានឃុំសង្កាត់ និងក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពិធីប្រគល់នេះបានធ្វើឡើងនៅការិយាល័យកណ្តាលរបស់អិលអូអិលស៊ី ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានលើកឡើងថា «ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងាររួមរបស់យើងទាំងអស់គ្នា ដោយមិនអាចចាត់ទុក ជាការងារផ្តាច់មុខរបស់នរណាម្នាក់ ឬក្រុមណាមួយឡើយ ការដោះស្រាយត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀន ជាបញ្ហារួមចម្បងដែលយើងគ្រប់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»។
លោកបានសំណូមពរ ឱ្យអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូបរួមសហការគ្នា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនដែលនាំឲ្យបំផ្លាញសហគមន៍របស់យើង។ លោកបានបន្ថែមទៀតថា អិលអូអិលស៊ី នឹងបន្តគាំទ្រដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងពេញទំហឹង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឧត្តមសេនីយ៍ទោ លឹម តុងហួត បានចាត់ទុកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ជាដៃគូសហការយ៉ាងសកម្ម ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនលើការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានជួយការងារសង្គមនានាមានដូចជា ការផ្តល់នូវអណ្តូងទឹកស្អាត កន្លែងលាងដៃ តាមសាលារៀន ការប្រយុទ្ធប្រឆាំងការរីករាលជំងឺរាតត្បាតកូវីដ-១៩ ចរាចរណ៍ និងជួយដល់សកម្មភាពសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាដើម។ ល។
លោកបានបន្ថែមថា ការចូលរួមអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺត្រូវការចូលរួមជាចាំបាច់ពីគ្រប់វិស័យ ជាពិសេសពីវិស័យឯកជន ដូចដែលអិលអូអិលស៊ី ដែលបាននឹងកំពុងបន្តធ្វើទាំងពេលនេះ និងពេលអនាគតសំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋគ្រប់រួប គ្មានគ្រឿងញៀន គ្មានហិង្សា និងគ្មានឧក្រិដ្ឋកម្ម។
សូមបញ្ជាក់ថា នេះជាលើកទី៧ហើយ ដែលអិលអូអិលស៊ី បានប្រគល់ជូនអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អិលអូអិលស៊ី (LOLC) ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា៕