(ភ្នំពេញ)៖ ភ្លាមៗក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន, ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនដល់អភិបាលរាជធានីភ្នំពេញ អំពីការប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។
ការបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលចំនួនពីរលានម៉ាសនេះ ធ្វើឡើងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
រដ្ឋលេខាធិការ ក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាស់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩៕