(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីត្រៀមសម្ភារ និងយន្តការជួយពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្នផ្សេងៗកើតឡើង។
កិច្ចប្រជុំនេះក៏មានការចូលរួមពីអភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអង្គភាពចំណុះសាលាខេត្តប្រមាណ៦៥រូប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តកំពត។
ក្នុងឱកាសនោះ លោក ជាវ តាយ បានផ្ដាំផ្ញើដល់គ្រប់សមាសភាព និងអ្នកពាក់ព័ន្ធទាំងអស់ ក្រោយពីទទួលបាននូវយន្តការ នៃសេចក្ដីសម្រេចថ្មីនេះតទៅ ត្រូវចូលរួមបង្កើនស្មារតី ឆន្ទៈ ត្រៀម អនុវត្តការងារ តាមតួនាទីភារកិច្ច ក្នុងគណៈកម្មាធិការដោយត្រៀមលក្ខណៈបម្រុង គ្រប់មធ្យោបាយក្នុងបេសកកម្ម ដោយប្រើជាវិធានការសរុបមធ្យោបាយសរុប កម្លាំងសរុប ឲ្យបានសកម្ម ខ្លាំងក្លាថែមទៀត ក្នុងកិច្ចបំពេញបេសកកម្មនៅក្នុងក្របខ័ណ្ឌការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន សំដៅការឆ្លើយតប ការកាត់បន្ថយហានិភ័យបាននូវគ្រោះមហន្តរាយ រួមនឹងមុខសញ្ញាគ្រោះថ្នាក់របស់ប្រជាជន និងសហគមន៍ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុងស្រុក ក៏ត្រូវតែអនុវត្តរៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់ក្រុង ស្រុក និងឃុំសង្កាត់ ដូចគ្នាថ្នាក់ខេត្តផងដែរ។ ដើម្បីធ្វើយ៉ាងណាឲ្យយន្តការការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ ស្របតាមអនុក្រឹត្យលេខ១៨៨ អនក្រ.បកស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ របស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ឲ្យបានដំណើរការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបក្នុងការជួយសង្គ្រោះ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យផ្សេងៗ ជូនដល់ប្រជាពលរដ្ឋរងគ្រោះ នៅក្នុងសហគមន៍ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕