(កំពង់ចាម)៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម បានបើកវេទិកាផ្សព្ទផ្សាយ និងពីគ្រោះយោបល់លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅភូមិស្គន់ ឃុំសូទិព ស្រុកជើងព្រៃ ដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងសំណើទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋប្រមូលពិភាក្សាអំពីសំណើ និងមតិយោបល់នានា សម្រាប់សកម្មភាពឆ្នាំខាងមុខ។
ការបើកវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់អាណត្តិទី០៣នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងខាងសង្គមស៊ីវិល សរុបសមាសភាពចូលរួមជាង ១០០នាក់ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះដែរ លោក ខ្លូត ផន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេជោ ហ៊ុន សែន បានសម្រេច និងប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ មានលក្ខណៈស៊ីជម្រៅយូរអង្វែងទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយ តាមរយៈការបង្កើតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋ។
លោក ខ្លូត ផន បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៣ មានគោលបំណងសំខាន់ គឺការកែលម្អប្រព័ន្ធអភិបាលកិច្ច នៅតាមរដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋានការរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា។
លោក ខ្លូត ផន បានបញ្ជាក់ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបសប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ផងដែរថា ក្នុងវេទិកាពិគ្រោះយោបល់នោះជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋ មានចំនួន១២ចំណុច ក្នុងនោះ ចំណុចមួយចំនួនត្រូវបានដោះស្រាយភ្លាមៗ រីឯបញ្ហាមួយចំនួនទៀត គណៈអភិបាលខេត្តកំពង់ចាម ត្រូវលើកយកទៅពីគ្រោះយោបល់សិន ដើម្បីដោះស្រាយនៅពេលក្រោយ។
យ៉ាងណាក៏ដោយ ឆ្លងកាត់ការបើកវេទិកាផ្សព្វទផ្សាយ និងពីគ្រោះយោបល់លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០នេះ គេសង្កេតឃើញថា មិនមានប្រជាពលរដ្ឋលើកឡើងពីការលំបាក អំពីការបំរើសេវារបស់មន្ត្រី អាជ្ញាធរនោះទេ និងបញ្ហាមានតិចតួចបំផុត ចំណុចនេះសបញ្ជាក់ឱ្យឃើញថា មន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានបម្រើសេវាយ៉ាងល្អ ជូនប្រជាពលរដ្ឋ៕