(កំពង់ធំ)៖ ដោយយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានតាំងចាត់លោក រិន វីរៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាំយកស្បៀងអាហារ និងអំណោយចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ៤០០គ្រួសារ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីអាជ្ញាធរដែនដីនដី មន្ត្រីរាជការស្រុកស្ទោង ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
អំណោយដែលនាំមកប្រគល់ជូនប្រជាពលរដ្ឋទាំង៤០០គ្រួសារ រួមមាន៖ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ ទឹកត្រី ២យួរ និងថវិកា ២០,០០០រៀល ផងដែរ។
ក្នុងឱកាសនោះដែរលោក សុខ លូ បានលើកឡើងថា នៅចំពោះបញ្ហាគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ គឺពុំមានសភាពធ្ងន់ធ្ងរដូចខេត្តបន្ទាយមានជ័យនោះទេ តែគឺជាគ្រោះមិនតូចមិនធំ ជាពិសេសស្រុកស្ទោង ទទួលរងគ្រោះច្រើនជាងគេ តែក៏មានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់អង្គភាពស្ថាប័ន ចុះជួយសង្រ្គោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយអនុវត្តន៍តាមការណែនាំ ផ្តាំផ្ញើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់បាយ ឬអាហារស្លាប់នោះឡើយ។
លោក រិន វីរៈ ក៏បានលើកឡើងថា បញ្ហាការឆ្លងជំងឺរាត្បាតជំងឺកូវីដ-១៩ បានឆ្លងមកលើប្រជាពលរដ្ឋទូទាំងពិភពលោកជាង៥០លាននាក់មកហើយ ក្នុងបានស្លាប់ជាង១លាននាក់ និងរហូតមកដល់ពេលនេះ គឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដោយឡែក នៅកម្ពុជាមានអ្នកឆ្លងសរុប ៣០១នាក់ ក្នុងនោះបានជាសះស្បើយ២៨៨នាក់ កំពុងសម្រាកព្យាបាល ១៣នាក់ ដូច្នេះ ប្រជាពលរដ្ឋ ត្រូវចូលរួមការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កាត់បន្ថយការជួបជុំក្នុងពិធីផ្សេងៗ។
លោក រិន វីរៈ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលកន្លងមក តែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបោះឆ្នោត ជូនសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជាថ្នាក់ដឹកនាំមកទៀតទៀត។ ប្រទេសកម្ពុជាបើគ្មានសម្ដេចតេជោ ហ៊ុន សែន ទេ គឺគ្មានសុខសន្តិភាពដូចថ្ងៃនេះទេ ចំណែកប្រជាពលរដ្ឋនាំគ្នាបះបោរតវ៉ា ដោយ ជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួន ដែលប៉ុនប៉ងទម្លាក់រាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់។
លោកបានបន្តថា នៅឆ្នាំ២០២២ និងមានការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ ហើយនៅឆ្នាំ២០២៣ និងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត សង្ឃឹមថាប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងនេះ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសឱ្យមានការរីកចម្រើនបន្តទៀត និងចូលរួមការពារសន្តិភាពឱ្យបានយូរអង្វែង៕