រថភ្លើងបុកគ្នានៅអាល្លឺម៉ង់ បណ្តាលឲ្យ៤នាក់ស្លាប់ និង១៥០នាក់របួស
09-02-2016 16:19
(អាល្លឺម៉ង់)៖ រថភ្លើងពីរគ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នា បានបុកគ្នាពេញមួយទំហំនៅក្នុងរដ្ឋ Bavaria ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយបានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និងជាង១៥០នាក់ផ្សេងទៀតរងរបួស (ក្នុងនោះ ១៥នាក់រងរបួសធ្ងន់)។ នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយដោយដកស្រង់សម្តីរបស់មន្ត្រីប៉ូលិសអាល្លឺម៉ង់ នៅនឹងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍ផ្លូវដែកនេះ បានកើតឡើងនៅក្បែរក្រុង Bad Aibling ដែលមានចម្ងាយ ៦០គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ទីក្រុង Munisch។ គ្រាន់តែបុកគ្នាភ្លាម រថភ្លើងមួយក្នុងចំណោមនោះ បានរអិលធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យទូរថភ្លើងមួយចំនួនក្រឡាប់ខ្ទេចខ្ទី។ រហូតមកដល់ពេលនេះ ប៉ូលិសនៅតែបន្តសង្គ្រោះមនុស្សចេញពីរថភ្លើងនៅឡើយ។
មេបញ្ជាការកងកម្លាំងនៅកន្លែងកើតហេតុ បានបញ្ជាក់ដូច្នេះថា «វាជាហេតុការណ៍ដ៏អាក្រក់បំផុត ដំបូងសម្រាប់ឆ្នាំ ២០១៦ នេះ ដែលឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះជាច្រើនគ្រឿង បានត្រៀមរួចជាស្រេចដើម្បីដឹកអ្នករងរបួសរាប់រយនាក់ទៅកាន់មន្ទីរពេទ្យ។ ប៉ូលិស នឹងបើកការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ»៕