(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួម ក្នុងសន្និសីទជាន់ខ្ពស់ថ្នាក់ទេសាភិបាលធនាគារកណ្តាល និងរដ្ឋមន្រី្តហិរញ្ញវត្ថុអាស៊ានជាមួយនឹងលោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តជាតិ (IMF) ដែលបានរៀបចំឡើងរួមគ្នារវាងធនាគារកណ្តាលវៀតណាម និងមូលនិធិរូបិយវត្ថុអន្តរជាតិ។
កម្មវិធីសន្និសីទនេះរៀបចំឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពី «ការធានាកំណើននិ ងភាពធន់នៅក្នុងតំបន់អាស៊ាន៖ នយោបាយក្រោយវិបត្តិកូវីដ-១៩»។
គោលបំណងនៃសន្និសីទនេះ គឺដើម្បីផ្លាស់ប្តូរយោបល់ និងបទពិសោធន៍រវាងអ្នករៀបចំគោលនយោបាយមកពីប្រទេសនានាក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលរួមមាន រដ្ឋមន្ត្រីហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល និងនាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយបានពិភាក្សាពីការអនុវត្តនយោបាយសំខាន់ៗ សម្រាប់គាំទ្រសកម្មភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាបញ្ហាប្រឈមចម្បងៗក្រោយវិបត្តិកូវីដ-១៩។
ការរីករាលដាលជំងឺកូវីដ-១៩ គឺជាវិបត្តិមួយដែលខុសប្លែកពីវិបត្តិដទៃទៀត ដោយមិនមានប្រទេសណាមួយ ដែលអាចគេចផុតពីឥទ្ធិពលនៃវិបត្តិសុខភាព និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះទេ ហើយភាពមិនប្រកដប្រជាអំពីការរីករាលដាលនៃជំងឺនេះ នៅតែបន្តគំរាមកំហែងនៅឡើយ។
ប្រទេសសមាជិកអាស៊ានបានដាក់ចេញ នូវវិធានការជាបន្តបន្ទាប់ រួមទាំងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុវិត្ថារកម្ម និងគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ននានា សំដៅជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងសង្គម។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ វិធានការដែលបានដាក់ចេញទាំងនេះ ត្រូវធ្វើឡើងដោយផ្តោតលើគោលដៅជាក់លាក់ និងត្រូវអនុវត្តក្នុងដំណាក់កាល និងអំឡុងពេលសមស្រប ដើម្បីបញ្ចៀសបញ្ហា Moral hazards និងលទ្ធផលខុសពីការរំពឹងទុក ជាដើម។
នៅពេលវិបត្តិនេះបញ្ចប់ អ្នករៀបចំនយោបាយត្រូវផ្តល់អាទិភាពដល់វិស័យសំខាន់ៗ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ហើយរដ្ឋាភិបាលដើរតួនាទីចម្បង ក្នុងការបែងចែកធនធានឱ្យមានប្រសិទ្ធភាព ទៅកាន់វិស័យដែលជាកម្លាំងជំរុញកំណើនថ្មី ព្រមទាំងដោះស្រាយបញ្ហារចនាសម្ព័ន្ធផ្សេងៗ និងបង្កើនជំនឿទុកចិត្តក្នុងទីផ្សារ ដើម្បីជំរុញការវិនិយោគរបស់វិស័យឯកជន។ ម្យ៉ាងទៀត វិបត្តិសុខភាពនេះ ក៏បានបង្កឱ្យមានបញ្ហាប្រឈមចម្បងៗមួយចំនួន ជាពិសេសការកើនឡើងនូវភាពក្រីក្រ និងវិសមភាព ដែលទាមទារឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវព្យាយាមកាត់បន្ថយមកវិញក្រោយពេលវិបត្តិ។
បន្ថែមលើនេះ បទពិសោធន៍ប្រទេសក្នុងតំបន់មួយចំនួន ក៏បានបង្ហាញពីការកើនឡើងកម្រិតបំណុល របស់អង្គភាពគ្រួសារ ដែលបណ្តាលមកពីការបាត់បង់ការងារ និងប្រាក់ចំណូល ដែលនេះក៏បានបង្កជាបញ្ហាប្រឈមចម្បងមួយ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទោះយ៉ាងណា វិបត្តិកូវីដ-១៩នេះបានផ្តល់នូវកាលានុវត្តភាពមួយចំនួនផងដែររួមមាន ការជំរុញការវិនិយោគបៃតង ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីផល និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ សំដៅស្វែងរកប្រភពថ្មីសម្រាប់កំណើនសេដ្ឋកិច្ច ក៏ដូចជាពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់៕