(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ១០០តោន ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ។
កាកបាទក្រហមកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ TINA Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជា និងប្រតិភូនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានអញ្ជើញចូលរួមជាកិត្តិយសក្នុងឱកាសនៃពិធីប្រគល់-ទទួលអំណោយខាងលើនេះ ដែលជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ ដោយបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គី ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់បានសរុបចំនួន ២១,០២៨គ្រួសារ រស់នៅភូមិចំនួន៥៥៧ ឃុំចំនួន១៨២ ស្រុកចំនួន៥៧ និងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១០,៩៥៥គ្រួសារ និងដោយសាខាចំនួន ១០,០៧៣គ្រួសារ)៕