(កណ្ដាល)៖ នៅទីបំផុតប្រតិបត្តិការជាង១៣ម៉ោង ក្នុងការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀន នៅស្រុកស្អាង ខេត្តកណ្ដាល កម្លាំងនគរបាលទទួលបានជោគជ័យ ដោយចាប់បានជនដៃដល់ ដែលហ៊ានបាញ់តដៃជាមួយកម្លាំងបង្ក្រាប។ ប្រតិបត្តិការនេះ ធ្វើឡើងតាំងពីម៉ោង២រសៀល ថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ម៉ោង ២ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្នុងនោះសមត្ថកិច្ចបានបាញ់ជនដៃដល់បណ្ដាលឲ្យរបួសភ្លៅខាងស្ដាំ។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ដ៏គ្រោះថ្នាក់មួយនេះ ដឹកនាំបញ្ជាដោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និងកម្លាំង នគរបាលជាច្រើនរូបទៀតផងដែរ ប៉ុន្ដែនៅពេលបង្ក្រាបជនដៃដល់បានបាញ់ស្រោចមកលើ កម្លាំងនគរបាលជាច្រើនគ្រាប់ ដោយសមត្ថកិច្ចបានប្រើប្រាស់សិទ្ធិការពារខ្លួនវិញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ លាន ទិត្យ អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះ ឆេង តុងលី អាយុ២៥ឆ្នាំ មានស្រីតូចៗចំនួន០២នាក់ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងហេតុការណ៍នោះ ជនសង្ស័យប្រដាប់ដោយអាវុធវែង AK47 ជាប់នឹងដៃហើយគំរាមប្រពន្ធ និងកូនមិនឲ្យចេញពីផ្ទះ បើសិនជាហ៊ានចេញជនសង្ស័យ នឹងបាញ់សម្លាប់។

ស្ថិតក្នុងស្ថានភាពបែបនេះ សមត្ថកិច្ចរិះរកមធ្យោបាយដើម្បីរំដោះប្រពន្ធ និងកូនចេញពីដៃជនសង្ស័យ ដែលបានចាប់ធ្វើជាចំណាប់ខ្មាំង។ ក្រោយមកជនសង្ស័យ ក៏បានយករំសេវគ្រាប់កាំភ្លើង ដុតផ្ទះរបស់ខ្លួនបណ្តាលឲ្យឆេះខ្ទេច រួចហើយជនសង្ស័យបានកាន់កាំភ្លើងជាប់នឹងដៃ ដើរទៅទិសខាងលិចឆ្ពោះទៅផ្ទះម្តាយ ប្រហែលជា១០០ម៉ែត្រពីផ្ទះជនសង្ស័យ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច ក៏បានដូរទីតាំងទៅឡោមព័ទ្ធផ្ទះម្តាយជនសង្ស័យវិញ។

លោក ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលឃុំត្រើយស្លា បានឲ្យដឹងថា រហូតដល់ម៉ោងជិត០២រំលងអធ្រាត្រ ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ដោយសារតែជនសង្ស័យខាងលើ ត្រូវរងរបួសជើងហូរឈាមមានសភាពស្លេកស្លាំង និងអស់កម្លាំងជាខ្លាំង ឃើញដូចនោះម្តាយជនសង្ស័យ ក៏បានអង្វរលួងលោមជនសង្ស័យ ទម្រាំតែដកកាំភ្លើងជនសង្ស័យបាន។

ភ្លាមៗ នោះកម្លាំងសមត្ថកិច្ច ក៏បានចូលទៅឃាត់ខ្លួនបានតែម្តង រួចបញ្ជូនខ្លួនជនសង្ស័យ តាមរយៈរថយន្តសង្គ្រោះយកទៅព្យាបាលនៅឯមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ៕