(ភ្នំពេញ)៖ មន្ត្រីជំនាញបានរកឃើញ និងដកហូតប្រេងម៉ាស៊ីនម៉ាក «Tra Chang» ក្លែងក្លាយ ១១៩កេស នៅហាងយីហោ «ប៊ុន ហេង» ក្នុងសង្កាត់អូឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការចុះបង្ក្រាបលើបទល្មើសលួចលក់ផលិតផលប្រេងម៉ាស៊ីនក្លែងក្លាយនេះ បានធ្វើឡើងនៅម៉ោង១០ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចផ្ទះលេខ៣២៣Eo ផ្លូវលេខ២១៧ ភូមិ៣ សង្កាត់អូប្ញស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយការត្រួតពិនិត្យ និងធ្វើកំណត់ហេតុទុកជាភស្តុតាងតាមផ្លូវច្បាប់បានបញ្ចប់ សមត្ថកិច្ចបានដកហូតប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក Tra chang ចម្រុះពណ៌ចំនួន ១១៩កេស ស្មើនឹង (៩៥២ប៊ីដុង) ពីឈ្មោះ កុក ថៃ ភេទស្រី អាយុ៧០ឆ្នាំ ត្រូវជាម្ចាស់អាជីវកម្ម ប៊ុន ហេង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចចម្រុះបានបន្តថា កម្លាំងបានបង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយម៉ាក Tra Chang មួយកន្លែងទៀតនៅសង្កាត់ផ្សារដើមគ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ៕