(បាត់ដំបង)៖ កម្លាំងអាវុធហត្ថស្រុកសំពៅលូន បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទប្រើអំពើហិង្សាក្នុងផឹកស៊ី បន្ទាប់ពីបានកើតហេតុនៅម៉ោង៤៖១៥នាទី ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំការដំឡូង ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសេមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា នៅវេលាម៉ោង ២៣៖៣០នាទី យប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ ប៉ុក ម៉ៅ ភេទ ប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរល្វា ឃុំជ្រៃសេមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រដាប់ដោយកាំបិតត្នោត ប្រវែង៤៤សង់ទីម៉ែត្រ បានធ្វើសកម្មភាព ចាក់ទៅលើជនរងគ្រោះ ឈ្មោះ មឿន យួន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើចំការ ត្រូវចំដើមទ្រូងខាងឆ្វេង មួយកាំបិតលិចជម្រៅប្រហែល១២សង់ទីម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់ ត្រូវគេដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តបាត់ដំបងភ្លាមៗ។
បន្ទាប់ករណីហិង្សាខាងលើនេះ បានកើតឡើងមកពីរឿងទំនាស់សម្តីគ្នាក្នុងវង់ផឹកស៊ី ក្រោយធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថតាម ស្រាវជ្រាវតាមឃាត់ខ្លួនមកវិញ នៅម៉ោង ៤៖១៦នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងចំការដំឡូង ក្រោយផ្ទះរបស់ជនសង្ស័យ។
បច្ចប្បុន្ន ជនសង្ស័យត្រូវកម្លាំងអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕
\