(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ប្រកាសលើកពេលរៀបអាពាហ៍ពិពារហ៍កូនប្រុសរបស់លោក ជាមួយកូនស្រីលោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ។
លោក វេង សាខុន បានលើកឡើងក្នុងលិខិតរបស់លោកយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាក្នុងនាមជាមាតា បិតាកូនប្រុស កូនស្រី មានកិត្តិយសសូមគោរពជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយសារមានព្រឹត្តិការណ៍ ៣វិច្ឆិកា ពិធីរៀបអាពាហ៍ពិពារហ៍កូន របស់យើងខ្ញុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី រសៀល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ (អគារ F) ត្រូវលើកទៅពេលក្រោយវិញ»។
សូមជម្រាបថា លោក វេង សាខុន ជារដ្ឋមន្ត្រីមួយរូប ក្នុងចំណោមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋរាប់រយនាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា កំពុងធ្វើចត្តាឡីស័ក។ លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើតេស្តកូវីដ១៩ ចំនួន២ដងរួចហើយ លទ្ធផលអវិជ្ជមានទាំង២លើក ដោយរង់ចាំធ្វើតេស្ត២លើកទៀត នៅថ្ងៃទី១៤ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕