(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបញ្ជាក់ថា ក្រសួងទើបរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកដំណើរទើបត្រឡប់មកពីសហរដ្ឋអាមេរិក។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នកឆ្លងថ្មីនេះ គឺជាស្ត្រីជនជាតិអាមេរិកកាំអាយុ ៣៥ឆ្នាំ ស្នាក់នៅណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើ តេស្កវត្ថុសំណាកលើកទី២ នៅថ្ងៃទី៧នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា អ្នកដំណើរតាមជើងហោះហើរខាងលើនេះ សរុបមានចំនួន ៦៦នាក់ ដែលបានធ្វើ តេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺ អវិជ្ជមានវីរុសកូវីដ-១៩។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផល ធ្វើតេស្តលើកទី២របស់ពួកគាត់ គឺមានវិជ្ជមានវីរុសកូវីដ-១៩ លើស្ត្រីជនជាតិអាមេរិកកាំងម្នាក់ខាងលើ។ រីឯអ្នកដំណើរចំនួន ៦៥នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តរកទី១នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារចំនួន៥កន្លែង នៅក្នុងរាជធានីភ្នំពេញ (ចំនួន៤៧នាក់) នៅវិទ្យាល័យពោចិនតុងចំនួន ១៦នាក់ និងនៅស្ថានទូតអាមេរិកចំនួន០៣នាក់។ ដូច្នេះ អ្នកដំណើរដែលនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣៧នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ បន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួន ៣៦៥ នាក់ ដែលនៅក្នុងចំនួននេះ មាន៣១៥នាក់ រួមទាំងវត្ថុសំណាកចំនួន ២៣នាក់ដែលនៅសល់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលបានលទ្ធផល អវិជ្ជមានវីរុសវីដ-១៩ និងវត្ថុសំណាកនៅសល់ចំនួន៥០នាក់ទៀតនោះ ត្រូវធ្វើបន្តទៀតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប ១៤៨១ វត្ថុសំណាក (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ (បានរាយការណ៍ជូនសាធារណជនរួចហើយ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំនួនសរុបវត្ថុសំណាកនេះ មិនទាន់បានបូកបញ្ចូល ចំនួន៥០វត្ថុសំណាកដែលនៅសល់ ដែលត្រូវវិភាគនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមិនទាន់មានលទ្ធ ផលតេស្តនៅឡើយទេ។

ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកជូនដល់អ្នកដែលប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកាទាំងអស់ ដែលមានលទ្ធផលតេស្តលើកទី១ និងលើកទី២ អវិជ្ជមានវីរុសកូវីដ-១៩ ចាំបាច់ត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះ ឱ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធភាព ធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង) ទៅតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ឱ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬពីសណ្ឋាគារ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឱ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងចូលក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជាអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០១នាក់ (ស្រី ៦១នាក់ និងបុរស ២៤០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន១៣នាក់៕