(កណ្ដាល)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ដែលផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចបានហើយ នៅម៉ោង១៖៥៥នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា ជនសង្ស័យចែកចាយគ្រឿងញៀនរូបនេះ បានផ្ទុះអាវុធបាញ់មកលើសមត្ថកិច្ចខេត្តកណ្តាលជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅល្ងាចថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យបានបើកការបាញ់ប្រហារ ១គ្រាប់សំដៅមកសមត្ថកិច្ចមុន។ បន្ទាប់មករយៈពេលប្រមាណជាង ១ម៉ោង ជនសង្ស័យបានបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន ២គ្រាប់បន្ថែមទៀត ដើម្បីគំរាមសមត្ថកិច្ច ដើម្បីព្យាយាមរំដោះគេចខ្លួន៕