(ភ្នំពេញ)៖ របាយការណ៍និន្នាការសេដ្ឋកិច្ច និងសង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០នេះ ទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន ទោះបីជាសេដ្ឋកិច្ចសកល រំពឹងថានឹងមានកំណើនអវិជ្ជមាន និងបណ្តាលប្រទេសដៃគូពាណិជ្ជកម្ម កំពុងជួបប្រទះបញ្ហានៃការរីករាលនៃជំងឺកូវីដ១៩ក្តី។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបង្ហាញថា នៅ៨ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញសម្រេចបានទំហំទឹកប្រាក់ ១១ ៧១៤លានដុល្លារអាមេរិក កើនឡើងចំនួន១៨ភាគរយ។ ក្នុងនោះទំ និញដែលមានកំណើននាំចេញខ្ពស់ មានដូចជា អង្ករ បានកើតឡើង ២៣.១ភាគរយ កង់កើនឡើង ១៧ភាគរយ គ្រឿងអគ្គិសនី កើន ២២.៣ភាគរយ ផលិតផលកសិកម្មផ្សេងទៀតក៏កើនឡើងដែរ និងមាស កើនឡើងយ៉ាងគំហុករហូតដល់ ៧១៦.៨ភាគរយ។ គិតត្រឹមខែសីហា ឆ្នាំ២០២០នេះ ការនាំចេញមាស មានទឹកប្រាក់សរុបចំនួន ២២២០លានដុល្លារ។

ដោយឡែកសម្រាប់ការនាំចូលក្នុងរយៈពេល៨ខែឆ្នាំនេះវិញ មានទំហំទឹកប្រាក់សរុបចំនួន ១១ ៨៥៣លានដុល្លារ បានធ្លាក់ចុះ ១១.៦ភាគរយ។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងទៀតថា នៅរយៈពេល៨ខែ ឆ្នាំ២០២០នេះ សំណើសុំសាងសង់សរុបមានចំនួន ៣៣៥០គម្រោង បានកើនឡើង ៤៥៥គម្រោង ដែលមានតម្លៃ ៥០៨១លានដុល្លារ ធ្លាក់ចុះ១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ កំណើនចំនួនគម្រោងសាងសង់នេះ ភាគច្រើនជាសំណង់ប្រភេទ លំនៅដ្ឋាន។

នៅ៨ខែឆ្នាំនេះ កម្ពុជាទទួលគម្រោងវិនិយោគឯកជនសរុប ចំនួន១១៣គម្រោង ធ្លាក់ចុះ២២គម្រោង មានទុនវិនិយោគ ២ ៣២៩លានដុល្លារ ធ្លាក់ចុះ៥៧ភាគរយ។ ទោះបីជាគម្រោងវិនិយោគជារួមមានការធ្លាក់ចុះក្តី គម្រោងវិនិយោគវិស័យឧស្សាហកម្ម បានកើនឡើង ៨គម្រោងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន៕

សូមអានរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងស្រុង៖