(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្ដធ្វើតេស្ដលើមនុស្សចំនួន៣១៥នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា។ ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី និងសណ្ឋាគារសុខា សម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាន ដែលបានពាក់ព័ន្ធផ្ទាល់ និងប្រយោលនោះក្នុងព្រឹត្តិការណ៍៣វិច្ឆិកា។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លទ្ធផលនៃការធ្វើតេស្ដមនុស្សទាំង ៣១៥នាក់នោះ បង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ-១៩ ទាំងអស់។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ៣១៥នាក់ ដែលបានធ្វើតេសមាននៅភ្នំពេញជាង២០០នាក់ និងតាមបណ្តាខេត្តជាង១០០នាក់ ហើយថ្ងៃស្អែកនឹងធ្វើតេស្តលើអ្នកពាក់ព័ន្ធបន្តទៀត។
សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក ភីតធើ ស៊ីចាតូ និងប្រតិភូរបស់លោក បានអញ្ជើញមកបំពេញទស្សនកិច្ចមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា លោកក៏បានអញ្ជើញទស្សនកិច្ចនៅប្រទេសថៃ ពេលទៅដល់ប្រទេសថៃ លោក ភីតធើ ស៊ីចាតូ បានរកឃើញថាមានជំងឺកូវីដ១៩។
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា មានចំនួនសរុប១១៦៦នាក់ (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមានចំនួន១១៤៣នាក់៖
* អ្នកវិជ្ជមាន៣នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
គិតទាំងបុរសអង្គរក្សផ្ទាល់គណៈប្រតិភូហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកវិជ្ជមានកូវីដ១៩ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា មានចំនួន៤នាក់។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០០នាក់ (ស្ត្រី៦០នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន២៨៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១២នាក់៕