(បន្ទាយមានជ័យ)៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានយុវជនមួយក្រុមមានគ្នា៤នាក់ ផឹកស៊ីស្រវឹងស្រែកឡូឡា រំខានដល់នាក់ជិតខាង ទើបកម្លាំងអាវុធហត្ថស្រុកមង្គលបូរី ចុះឃាត់ខ្លួន យកមកមូលដ្ឋានកងរាជអាវុធស្រុក ដើម្បីធ្វើការសាកសួរ នៅម៉ោង១១៖១០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិជំទាវ ឃុំឫស្សីក្រោក ស្រុមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានឲ្យដឹងនៅថ្ងៃនេះថា ក្រោយពីធ្វើការសាកសួរ យុវជនទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេបាននាំគ្នាផឹកស្រវឹង ស្រែកឡូឡាពិតប្រាកដមែន។
យុវជនទាំង៤នាក់ត្រូវបានកម្លាំង ជំនាញអាវុធហត្ថខេត្ត ធ្វើកោសលវិច្ឆ័យទឹកនោម រកឃើញសារធាតុញៀន ជាលទ្ធផលវិជ្ជមាន។ បច្ចុប្បន្នកម្លាំងអាវុធហត្ថ កំពុងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕