(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជំងឺវីដ-១៩ ក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
ក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ជំងឺកូវីដ-១៩ ឆ្លងតាមការប៉ះពាល់តំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមនុស្សម្នាក់ ទៅប៉ះមនុស្សម្នាក់ទៀត នៅពេលបុគ្គលដែលមានផ្ទុកវីរុសកូវីដ-១៩ និយាយសើច ច្រៀង ក្អក ឬកណ្តាស់ជាដើម។
តំណក់ទឹកតូចៗនោះ អាចខ្វាតបានប្រហែលជាមួយម៉ែត្រកន្លះ ហើយអាចចូលទៅក្នុងមាត់ ភ្នែក និងច្រមុះបុគ្គល ដែលនៅជិតអ្នកមានវីរុសកូវីដ-១៩ តិចជាងមួយម៉ែត្រកន្លះម៉ែត្រ។ តំណក់ទឹកតូចៗនេះ ក៏អាចធ្លាក់ទៅលើផ្ទៃនៃវត្ថុនានា ហើយឆ្លងមកមនុស្សដោយបុគ្គលយកដៃទៅប៉ះផ្ទៃនៃវត្ថុទាំងនោះ ហើយមកប៉ះពាល់ជាមួយមាត់ ភ្នែក ច្រមុះ ដោយមិនបានលាងសម្អាតដៃឱ្យបានត្រឹមត្រូវ។
ដូច្នេះ ដើម្បីបញ្ចៀសពីហានិភ័យខ្ពស់ ដែលពិបាកនឹងប៉ាន់ស្មានបាននៃការចម្លងវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ ក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវ និងណែនាំដល់បងប្អូនសាធារណជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួនដោយបុគ្គលគ្រប់រូបត្រូវអនុវត្តន៍វិធានការសាមញ្ញៗ ដូចជាការរក្សាគម្លាតសុវត្ថិភាព រួមមានការរក្សាគម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាតសុវត្ថិភាព បុគ្គលជាចំបាច់ រួមជាមួយនឹងការអនុវត្តអនាម័យដៃស្អាតជានិច្ច និងការពាក់ម៉ាស់នៅពេលចាំបាច់ ជាពិសេសពេលធ្វើដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ហើយរួមគ្នាអនុវត្តនូវវិធានការដូចខាងក្រោម៖
ទី១៖ ការរក្សាគម្លាតសុវត្ថិភាពបុគ្គលដោយ៖
* រក្សាគម្លាតសុវត្ថិភាពពីម្នាក់ ទៅម្នាក់ទៀតដូចជា អង្គុយ ឈរ ឬឈររង់ចាំ ឬឈរជជែកគ្នាឱ្យនៅគម្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រឡើងទៅ។
* ជៀសវាងការឱប ថើប ចាប់ដៃ ដោយជំនួសមកវិញនូវការអនុវត្ត ការសំពះ ឬការលើកដៃជាសញ្ញា ឬការងក់ក្បាលដែលមានចម្ងាយគម្លាតពីគ្នាឱ្យបានយ៉ាងតិច ១.៥ម៉ែត្រឡើង។
* ក្នុងករណីមានការដឹកនាំការប្រជុំ ការបណ្តុះបណ្តាល និងសិក្ខាសាលា ត្រូវខិតខំធ្វើតាមប្រព័ន្ធអនឡាញ តែក្នុងករណីដែលចាំបាច់ខានមិនបានត្រូវតែធ្វើនៅទីតាំងណាមួយ អ្នករៀបចំត្រូវធានាថា ទីកន្លែងប្រជុំ គឺធំទូលាយ មានខ្យល់ចេញចូល ត្រូវរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀតយ៉ាងតិច ១.៥ម៉ែត្រឡើង វាស់កំដៅបុគ្គលចូលរួម អ្នកចូលរួមទាំងអស់ត្រូវពាក់ម៉ាស់ចាំបាច់ និងអនុវត្តអនាម័យលាងដៃជាប់ជាប្រចាំ និងចៀសវាងការទៅកៀកគ្នា កាន់គ្នា ឬប៉ះពាល់គ្នា។ បុគ្គលដែលមានបញ្ហាសុខភាព មិនត្រូវមកចូលរួមនោះទេ។
ទី២៖ ការរក្សាគម្លាតសុវត្ថិភាពសង្គមដោយ៖
* ជៀសវាង ឬបើចៀសមិនបាន ត្រូវកាត់បន្ថយឱ្យបានជាអតិប្បរមានូវការជួបជុំគ្នាក្នុងសង្គមដែលមានមនុស្សម្នាច្រើនដូចជា៖ ការរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យនានា មានដូចជាការជួបជុំគ្នាក្នុង ពិធីបុណ្យជាតិ ពិធីបុណ្យសាសនា ពីធីបុណ្យប្រពៃណី ឬពិធីបុណ្យផ្សេងៗ ការប្រគុំតន្ត្រី ការដើរលេងជួបជុំ បរិភោគអាហារជាមួយមិត្តភក្តិខាងក្រៅផ្ទះ ការជួបជុំពិធីខួបកំណើត ឬការធ្វើពិធីឡើងផ្ទះក្នុងទ្រង់ទ្រាយធំ ការធ្វើដំណើរកំសាន្តប្រមូលផ្តុំគ្នាច្រើនជាដើម។
* ជៀសវាងការហាត់ប្រាណជាក្រុមនៅតាមក្លិប ឬហាត់ជាក្រុមនៅទីតាំងដែលមានការប្រមូលផ្ដុំ គ្នានៅក្នុងទីកន្លែងបិទជិត។
* ជៀសវាងទីកន្លែងដែលមានមនុស្សម្នាច្រើន។
* អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម មិនត្រូវចូលរួមដំណើរ ជួបប្រជុំគ្នា ឬបើមានការចាំបាច់បំផុតនោះត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងផ្តល់មធ្យោយបាយជំនួសវិញ ឧទាហរណ៍ប្រើទូរស័ព្ទ ប្រើជាសារសម្លេង ប្រើជាបែបទំនាក់ទំនងតាមវីដេអូ សម្រាប់ការចូលរួមរបស់ពួកគេ។
* លុបចោល ឬពន្យារពេលការជួបជុំ ឬការប្រជុំ និងព្រឹត្តិការណ៍ដែលបង្កឱ្យមានមនុស្សច្រើន
* មិនគួរចេញក្រៅផ្ទះ ទៅកាន់ទីកន្លែងដែលមានមនុស្សម្នាច្រើន បើមិនចាំបាច់។
ទន្ទឹមនឹងការអនុវត្តគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសុវត្ថិភាពសង្គម ដែលបានណែនាំខាងលើនេះ សូមសាធារណជនយកចិត្តទុកដាក់រក្សាអនាម័យឱ្យបានស្អាតជានិច្ច ដោយលាងដៃដោយប្រើ ទឹកស្អាតជាមួយសាប៊ូ ឬអាល់កុល ទឹកដែលលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវជា ប្រចាំ (នៅក្នុងករណីចាំបាច់) ឬប្រើកន្សែង ឬក្រម៉ា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់៕
ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៖