(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការគ្រប់គ្រង និង តាមដានការធ្វើចត្តាឡីស័ករបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាប់ពាក់ព័ន្ធដោយប្រយោល ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ពាក់ព័ន្ធការរីករាលដាលកូវីដ១៩ ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមួយចំនួនតូចប៉ុណ្ណោះ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានជាប់ពាក់ព័ន្ធដោយប្រយោលចំពោះព្រឹត្តិការណ៍ខាងលើ តាមរយៈកិច្ចប្រជុំផ្សេងៗ ដែលចាំបាច់ធានាដល់ការរៀបចំគោលនយោបាយនានា ក្នុងក្របខណ្ឌនៃការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាការងារប្រចាំថ្ងៃ។
ក្រសួងបន្តថា ទន្ទឹមនេះ មន្ត្រីមួយចំនួនតូចនោះ ក៏មិនបានជួបផ្ទាល់ជាមួយប្រតិភូបរទេស ឬ អ្នកផ្ទុកកូវីដ១៩ ណាម្នាក់ឡើយ ក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំទាំងនោះ។ ហេតុនេះ ហានិភ័យនៃការឆ្លងវីរុស គឺស្ថិតនៅក្នុងកម្រិតទាបសម្រាប់មន្ត្រីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងបញ្ជាក់ទៀតថា ទោះបីជាយ៉ាងនេះក្តី ក្រសួងក៏មិនធ្វេសប្រហែសដោយប្រការណាមួយដែរ ហើយដើម្បីឆ្លើយតបទៅនឹងវិធានការនៃការការពារ ក្នុងស្មារតីបុរេសកម្ម ប្រយ័ត្នប្រយែង ក៏ដូចជាអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍របស់ក្រសួងសុខាភិបាល, ក្រសួងបានចាត់វិធានការផ្ទៃក្នុងយ៉ាងតឹងរ៉ឹង បន្ទាន់ និងម៉ឺងម៉ាត់បំផុត ដោយបានដាក់មន្ត្រី និងអ្នកដែលមានការពាក់ព័ន្ធតិចតួចទាំងអស់ ឱ្យស្ថិតក្រោមការតាមដានដោយផ្ទាល់របស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបាននិងកំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ក ក៏ដូចជាណែនាំឱ្យពិនិត្យតាមដានស្ថានភាពសុខភាពជាប្រចាំ ព្រមទាំងហាមឃាត់ដាច់ខាត នូវការចេញទៅក្រៅ សំដៅបង្ការកុំឱ្យមានការរីករាលដាល ទៅក្នុងសហគមន៍ជាយថាហេតុ ទោះបីជាមន្ត្រីទាំងនោះ មិនស្ថិតក្នុងប្រភេទក្រុមអ្នកមានហានិភ័យ នៃការឆ្លងខ្ពស់ក៏ដោយ៕