(ព្រះសីហនុ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តព្រះសីហនុ ដោយមានលោក ខាន់ រ៉ាត់ ជាប្រធានសាខា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារលើ ក្នុងក្រុងព្រះសីហនុ គោលដៅសំខាន់ នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមី ហាមឃាត់។
នៅក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានត្រួតពិនិត្យ លើផលិតផលម្ហូបអារហារវេចខ្ចប់ស្រាប់ និងដកយកគំរូម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ ប្រេងឆា គុយទាវសសៃធំ មីសសៃធំ តៅហ៊ូ និង ចាហួយ (ពណ៌ស និងត្នោត) ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
មន្រ្តីជំនាញ បានឲ្យដឹងថា ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ នៅលើម្ហូបអាហារខាងលើនោះទេ តែបានណែនាំអោយម្ចាស់ សិប្បកម្មផលិតនំបំពង អោយប្រើប្រាស់ប្រេងឆា សំរាប់ជំហៀវនំ មិនឲ្យលើសពីរដងឡើយ។
បន្ទាប់មកមន្ត្រីជំនាញបានធ្វើការណែនាំ ដល់អាជីវករដទៃឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕