(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចំនួន៩៧គ្រួសារ ភាគច្រើនជាជនជាតិវៀតណាម ស្ថិតនៅខាងក្រោយវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះបំផ្លាញអស់ជិត១០០ខ្នងនោះ នៅព្រឹកថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានទទួលអំណោយពីថ្នាក់ដឹកនាំ និងអាជ្ញាធរខណ្ឌមានជ័យ ដើម្បីចូលរួមកាត់បន្ថយការលំបាកមួយចំនួន របស់ពួកគាត់ដែលគ្មានទីជំរក ហើយត្រូវសាងសង់ផ្ទះឡើងវិញ។
អំណោយទាំងនេះត្រូវបានលោក ម៉ាន់ ឈឿន ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា អមដំណើរលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ, លោក ឌី រ័ត្នខេមរុណ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ សហការជាមួយ លោក គឹម រតនា នាយកប្រតិបត្តិអង្គការ Caritas កម្ពុជា នាំយកទៅប្រគល់ជូនប្រជាពលរដ្ឋ ទាំង៩៧គ្រួសារ។
អំណោយដែលទទួលបានក្នុង១គ្រួសាររួមមាន អង្ករ២៥គ.ក មុង១ ភួយ២ កន្ទេល១ តង់១។
សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន៩៧ខ្នង ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅវេលាម៉ោងជាង១២រំលងអាធ្រាត្រ ចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតនៅខាងក្រោយ វត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ មូលហេតុនោះ បណ្តាលមកពីប្រជាពលរដ្ឋដុតផាវ និងកាំជ្រួចដើម្បីអបអរសាទរ បុណ្យចូលឆ្នាំចិន វៀតណាម ហើយកំទេចភ្លើងកាំជ្រួចបានធ្លាក់មកក្រោមវិញ ក៏ត្រូវចំផ្ទះរបស់ពួកគាត់នាំឲ្យគ្រោះអគ្គិភ័យតែម្តង។
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានប្រាប់ Fresh News ថា អគ្គិភ័យនេះបានរលត់ទៅវិញ វេលាម៉ោងជិត៤ទៀបភ្លឺ ក្រោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជួយអន្តរាគមន៍ ព្រមទាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់២៥គ្រឿង និងអស់ទឹក៦៦ជើង។
យ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់សង្គមមួយនេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬស្លាប់ផងដែរ៕