(សៀមរាប)៖ កូនភ្លោះប្រុសចំនួន ៦នាក់ ក្នុងគ្រួសារចំនួនពីរ នៅក្នុងខេត្តសៀមរាប ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន អមដំណើរដោយលោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសំណេះសំណាល និងនាំយកអំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋកូនភ្លោះ៣ ទាំងពីរគ្រួសារដល់ទីលំនៅ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប។
ចៅភ្លោះប្រុស០៣នាក់ ក្នុងគ្រួសារទី១ សម្រាលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៣ និង៣០នាទីរសៀល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ គ្រួសារទី១នេះ មានឪពុកឈ្មោះ ឡាន់ គឹមលាង អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ តយ រ៉ានី អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិ កំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងមានកូនក្នុងបន្ទុកមុនប្រុស២នាក់ផងដែរ។
ចៅៗភ្លោះប្រុស ០៣នាក់ ក្នុងគ្រួសារទី២ សម្រាលនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀល នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ គ្រួសារទី២នេះ មានឪពុកឈ្មោះ តឹក តួន អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ រស់ ម៉ាច អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិ ស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
អំណោយរបស់សម្តេចតេជោ និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគល់ជូនគ្រួសារកូនភ្លោះ៣ ទាំងពីរគ្រួសារនេះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករស ០៥គីឡូក្រាម ក្រម៉ា០២ សារ៉ុង០២ និងថវិកា ៥លានរៀល។
នៅចំពោះមុខគ្រួសារកូនភ្លោះទាំងពីរគ្រួសារ លោក សេង ទៀង មានប្រសាសន៍នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ
ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
លោកជំនួយការផ្ទាល់ មានប្រសាសន៍ឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩រហូតមកដល់បច្ចុប្បន្ននេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឫបួននាក់ ចំនួន ៣៦៩គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោក សេង ទៀង បន្តថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះមានច្រើនជាងនេះទៀត ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។
លោក សេង ទៀង បានបន្ថែមថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ។ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់ពិតប្រាកដ។
លោក សេង ទៀង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។
តំណាងគ្រួសារកូនភ្លោះទាំងពីរគ្រួសារ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈទាំងអស់។ ជាពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំង ទ្វេចុះជួយអន្តរាគមន៍គ្រប់ពេលវេលា៕