(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានជាក់លាក់ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវិដ១៩ ដែលក្រសួងសុខាភិបាល បានរកឃើញមានការឆ្លងចំនួន៤នាក់ ក្នុងព្រឹត្តការណ៍ ៣ វិច្ឆិកា។
លោក ថេង សុថុល អំពាវនាវបែបនេះក្នុងកម្មវិធីនាំយកអំណោយសង្គ្រោះរបស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះនៅព្រឹកថ្ងៃទី១០ វិច្ឆិកានេះ។
លោកអភិបាលខណ្ឌចំការមន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះក្នុង ហេតុការណ៍អគ្គិភ័យឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចិញ្ចឹមជីវិតបើទោះបី ជាជួបគ្រោះអគ្គិភ័យតែនៅមានជីវិតដូច្នេះត្រូវតែប្រឹងប្រែងបន្តទៀត។
លោក ថេង សុថុល ក៏បានណែនាំឲ្យគ្រួសាររងគ្រោះបើនៅមានការខ្វះខាតត្រូវរត់មករកទីស្នាក់ការសង្កាត់ដែលនៅជិតបំផុតដើម្បី ឲ្យអាជ្ញាធរបានជួយបន្ថែមទៀត។ លើសពីនេះលោក ថេង សុថុល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបន្ថែមការការពារខ្លួនដោយគោរពតាមវិធានរបស់ក្រសួងសុខាភិបាល ត្រូវបន្តពាក់ម៉ាស់លាងដៃឲ្យបានញឹកញាប់ និងត្រួវនៅឃ្លាតឆ្ងាយពីគ្នាបើសិននៅតាមទីប្រជុំជន។
លោកអភិបាលខណ្ឌចំការមន បានជំរុញឲ្យចៅសង្កាត់ត្រូវចុះពិនិត្យមើល និងប្រញាប់ធ្វើលិខិតរដ្ឋបាលផ្សេងៗ ដែលត្រូវបានភ្លើងឆាបឆេះអស់ក្នុងហេតុការណ៍ អគ្គិភ័យ ដើម្បីជួយសម្រួលឲ្យគ្រួសាររងគ្រោះបានប្រើប្រាស់ឡើងវិញ។
សូមរំលឹកថា នៅវេលាម៉ោង ១២៖១០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋប្រមាណ៦គ្រួសារ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែង៤៩២ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
ចំពោះមូលហេតុ នៃការឆាបឆេះសមត្ថកិច្ចមិនទាន់ធ្វើការសន្និដ្ឋានបាននោះទេ។ ក្នុងការជួយអន្ដរាគមន៍សមត្ថកិច្ច បានប្រើប្រាស់រថយន្តចំនួន២៥គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១៧ឡាន ក្នុងគ្រោះអគ្គិភ័យខាងលើនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ។
គួរបញ្ជាក់ថា អំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌចំការមន ចែកជូនដល់គ្រួសាររងគ្រោះដោយសារអគ្គិភ័យមានចំនួន០៦គ្រួសារ ដែលក្នុងមូយគ្រួសារទទួលបាន៖ អង្ករចំនួន០១បាវទម្ងន់ ២៥គីឡូក្រាម,ទឹកត្រីចំនួន ០១យួរ, ទឹកស៊ីអ៊ីវចំនួន០១យួរ, ត្រីខចំនួន០១យួរ, ស្កសរចំនួន០១គីឡូក្រាម, សាប៊ូចំនួន០១ដុំធំ, ម៉ាសចំនួន១០, អាល់កុលចំនួន០១ដប, ទឹកបរិសុទ្ធចំនួន០១កេស, កន្ទេលចំនួន០១, ឆ្នាំងចំនួន០១, ខ្ទះចំនួន០១, វែកឆាចំនួន០១, វែកសម្លចំនួន០១, ចានស្រាក់ចំនួន០១, ក្រម៉ាចំនួន០១ និងថវិកាចំនួន២០ម៉ឺនរៀល៕