(កំពង់ឆ្នាំង)៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំចុះបង្ក្រាបបទល្មើសនេសាទ ដើម្បីជាបទបង្ហាញដល់សិស្សចៅក្រមកម្មសិក្សាជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុង នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឱ្យយល់ដឹងក្នុងការចុះអនុវត្តករណីបង្រាបបទល្មើសនេសាទខុសច្បាប់ ដោយអនុវត្តផ្ទាល់នៅចំណុចឃុំស្វារំពារ ស្រុកកំពង់លែង គោលបំណងឱ្យសិស្សកម្មសិក្សាបានស្វែងយល់ កាន់តែច្បាស់អំពីទិដ្ឋភាពក្នុងការបង្រាបបទល្មើសជាក់ស្តែងថាតើមានបញ្ហាប្រឈម និងផលវិបាកយ៉ាងដូចម្ដេចខ្លះ ដើម្បីទុកជាបទពិសោធន៍ សម្រាប់អនុវត្តនៅពេលដែលចូលបំពេញការងារជាចៅក្រម។
ការចុះបធ្វើបទបង្ហាញបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង, លោក ពេជ្រ រី ស្នងការរងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការសហការចូលរួមពីកម្លាំងខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោក ឃីម ឡុង នាយសង្កាត់រដ្ឋបាលជលផលកំពង់ប្រាសាទ។
ក្នុងឱកាសនោះលោក អ៉ិត សុធា បានផ្តាំផ្ញើដល់សិស្សចៅក្រមកម្មសិក្សាទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងរយៈពេល ធ្វើកម្មសិក្សា ៦ខែនេះ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពឲ្យខ្លាំង មុននឹងចេញបម្រើការនៅក្នុងអង្គភាពស្ថាប័នយុត្តិធម៌ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាដល់ការបំពេញតួនាទីរបស់ខ្លួនជាចៅក្រម នៅពេលបានចូលទៅបំពេញការងារក្នុងក្របខណ្ឌរបស់រដ្ឋ។
ជាមួយគ្នាលោកព្រះរាជអាជ្ញា ក៏បានផ្តាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋដែលរកស៊ីនេសាទសុំធ្វើយ៉ាងណាកុំប្រើប្រាស់នូវឧបករណ៍នេសាទណា ដែលច្បាប់បានហាមឃាត់ ត្រូវតែចៀសវាងដាច់ខាត ដើម្បីកុំឱ្យខាតបង់ពេលវេលា និងថវិការបស់បងប្អូនព្រោះថា នៅពេលដែលសមត្ថកិច្ចចុះធ្វើការបង្ក្រាបម្តងៗ គឺត្រូវតែបំផ្លាញចោល ឬដកហូតនូវឧបករណ៍នេសាទល្មើសច្បាប់ ទាំងអស់នោះដោយមិនប្រគល់ឱ្យបងប្អូនវិញឡើយ។
បន្ទាប់ពីបញ្ចប់ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរួចមក នៅល្ងាចថ្ងៃដដែលនោះដែរ លោក អ៉ិត សុធា ក៏បានចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីយោធា នៅក្នុងស្រុកជល់គិរីផងដែរ។
ក្នុងឱកាសនោះលោកក៏បានផ្តាំផ្ញើដល់មន្ត្រីទាំង ៣ស្ថាប័នខាងលើឱ្យបង្កើនការយកចិត្តទុកដាក់ និងជំរុញអនុវត្តកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋក៏ដូចជាបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ នូវរាល់បទល្មើស ដើម្បីកុំឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយនឹងការចុះសាកសួរសុខទុក្ខដល់សមត្ថកិច្ចទាំង ៣ស្ថាប័នខាងលើ លោកព្រះរាជអាជ្ញា និងឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តល់ថវិកាជូនទៅដល់អង្គភាព មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ និងអង្គភាពមន្ត្រីយោធាទាំង ៣ស្ថាប័ន ក្នុងស្រុកជលគិរី ដោយក្នុងមួយអង្គភាព ទទួលបានប្រាក់ចំនួន ១លានរៀលផងដែរ៕