(ភ្នំពេញ)៖ នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំដោយរឹបអូសជាង៦គីឡូក្រាម នៅរាជធានីភ្នំពេញ។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ការបង្ក្រាបនេះអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់បញ្ជាឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១៖ ៤០នាទី កម្លាំងជំនាញ (ក១១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារត្ន័ន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងបានបើកស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចបន្ទប់ផ្ទះជួលលេខ៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំពោះលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្រ៊ាន គឹមស្រួច ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ និងរឹបអូសសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ជាង៦គីឡូក្រាម និងជញ្ជីងថ្លឹង១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការហើយ៕