(សេអ៊ូល)៖ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឺនហេ (Park Geun-hey) បានទូរស័ព្ទដោយផ្ទាល់ ទៅកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barak Obama) និង លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ (Shinzo Abe) ដើម្បីពិភាក្សាគ្នា រឿងទណ្ឌកម្ម ដែលត្រូវដាក់ទៅលើប្រទេសកូរ៉េខាងជើង ពីបទដែលរដ្ឋកុម្មុយនិស្តមួយនេះ បានរំលោភម្តងហើយ ម្តងទៀតទៅលើការព្រមានរបស់អន្តរជាតិ ស្តីពីការហាមមិនឲ្យបាញ់គ្រាប់រ៉ុក្កែតនោះ។ នេះបើតាមការផ្សាយពី ទីភ្នាក់ងារព័ត៌មានស៊ិនហួ នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងកិច្ចសន្ទនាជាមួយមេដឹកនាំកំពូលលើលោកទាំងពីររូបនោះ លោកស្រី ផាក គឺនហេ បានបញ្ជាក់ថា កូរ៉េខាងជើង ពិតជាបានបង្ហាញភាពគឃ្លើនកាន់តែខ្លាំងឡើង តាមរយៈការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់រ៉ុក្កែត ដែលជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះ ដំណោះស្រាយនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយវាច្បាស់ណាស់ថា កូរ៉េខាងជើង បាននិងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់ពិភពលោក។
ជាកិច្ចបញ្ចប់ការសន្ទនាតាមទូរស័ព្ទ មេដឹកនាំសម្ព័ន្ធមិត្តទាំងបី បានសន្យាជម្រុញឲ្យបង្កើតដំណោះស្រាយថ្មី ក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ប្រឆំាងទីក្រុងព្យុងយ៉ាង ដោយក្នុងនោះទណ្ឌកម្មធ្ងន់ៗជាច្រើន អាចនឹងត្រូវបានបង្កើតឡើង ដើម្បីដាក់ទៅលើកូរ៉េខាងជើង៕