(ភ្នំពេញ)៖ ក្រុមហ៊ុន Familiar Co., Ltd របស់ជប៉ុន តាមរយៈទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) បានសម្រេចផ្តល់ថវិកាជិត ៥ម៉ឺនដុល្លារ ដល់មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យ នៃជនពិការភ្នំពេញ (PPCIL) ដើម្បីធ្វើនំ និងដំណាប់ ជាពិសេសចូលរួមចំណែកយ៉ាងធំ សម្រាប់ផ្តល់ការងារជូនជនពិការកម្ពុជា។
ដំណឹងនៃការផ្តល់ជំនួយនេះ ត្រូវបានរំលេចឲ្យដឹងនៅក្នុងជំនួបពិភាក្សាការងារមួយរវាងលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយលោក SHIMADA Masayuki អគ្គនាយកក្រុមហ៊ុន Familiar Co., Ltd. និងតំណាង JICA ប្រចាំនៅកម្ពុជា អំពីគម្រោងជួយជនពិការកម្ពុជា ចេះផលិតដំណាប់ផ្លែឈើតាមស្តង់ដារអន្តរជាតិ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
នៅក្នុងជំនួបនេះ លោក SHIMADA Masayuki បានថ្លែងប្រាប់លោក មករា បច្ចុប្បន្នក្រុមហ៊ុន Familiar បានជ្រើសជានពិការជាច្រើន ឲ្យទៅហ្វឹកហាត់ការផលិតនំ និងដំណាប់ផ្លែឈើ ដោយមានការជួយបង្ហាត់ពីអ្នកជំនាញការជនជាតិជប៉ុន មកពីហុកកៃដូ ដើម្បីបង្រៀនអំពីរបៀបផលិត និងការវេចខ្ចប់ឲ្យមានអនាម័យ និង ស្របតាមស្រង់ដារ។
លោក SHIMADA Masayuki បានប្រកាសថា បើទោះបីជាត្រូវចំណាយពេលច្រើនជាង ១០ឆ្នាំទៅមុខទៀត ក៏លោកសុខចិត្តដែរ ដើម្បីជួយជនពិការកម្ពុជា ឲ្យចេះផលិតផលិតផល ធ្វើដំណាប់ពីផ្លែឈើធម្មជាតិ។
លោក ឯម ច័ន្ទមករា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះជំនួយ និងកិច្ចខិតខំប្រឹងប្រែងរបស់ អង្គការ Familiar Co., Ltd ជួយដល់ជនពិការនៅកម្ពុជា។ លោកអគ្គលេខាធិការ បានហៅជំនួយរបស់ក្រុមហ៊ុន Familiar ផ្តល់ជូន មជ្ឈមណ្ឌលជីវិតរស់នៅដោយឯករាជ្យ នៃជនពិការភ្នំពេញថា ជាវឌ្ឍនភាពថ្មីមួយទៀតសម្រាប់វិស័យពិការភាពនៅកម្ពុជា។
ក្នុងជំនួបនេះ លោក SHIMADA Masayuki ក៏បានអញ្ជើញលោក ឯម ច័ន្ទមករា ទៅទស្សនកិច្ចសិក្សានៅរោងចក្រក្រុមហ៊ុន Famil iar នៅប្រទេសជប៉ុន នាអំឡុងខែមិថុនា ខាងមុខនោះផងដែរ។
លោក SHIMADA Masayuki បានឲ្យដឹងផងដែរថា ក្រុមហ៊ុនលោកបានបណ្តាក់ទន់អស់ជាង ៧លានដុល្លារអាមេរិច ដើម្បីដំណើរក្រុមហ៊ុន Familiar Co., Ltd ជួយដល់ជនពិការក្នុងប្រទេសប៉ុន។ សព្វថ្ងៃក្រុមហ៊ុនរបស់លោកមាននិយោជិត កម្មករ ៥០០នាក់ ក្នុងនោះជនពិការ ជនជាតិជប៉ុនមានចំនួន ២០០នាក់។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Familiar ក៏បាននាំចូលម៉ាស៊ីន សម្រាប់ផលិតដំណាប់ផ្លែឈើ មកដល់កម្ពុជារួចហើយផងដែរ រួមមានម៉ាស៊ីន៖ Ciller Electric Oven, Planeratry mixer, និងម៉ាស៊ីន Vaccuum packing៕