(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះថា កាលពីពីរថ្ងៃមុន កូរ៉េខាងជើង ពិតជាបានបាញ់បង្ហោះ ផ្កាយរណបប្រាកដមែន ដោយរហូតមកដល់ថ្ងៃនេះវាកំពុង គោចរនៅក្នុងគន្លងតារាវិថី ប្រកបដោយជោគជ័យ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានប្រកាសពីជោគជ័យ របស់ខ្លួនខាងលើនេះ តាំងពីថ្ងៃអាទិត្យសប្តាហ៍មុនមកម្ល៉េះ ដោយផ្កាយរណបខាងលើនេះ មានឈ្មោះថា ក្វាងម្យុងសង-៤ (Kwangmyongsong-4) ជាប្រភេទផ្កាយរណប ដែលប្រើប្រាស់ដើម្បីអង្កេតលក្ខណៈទូទៅនៃផែនដី។ វាត្រូវបានបាញ់បង្ហោះឡើង កាលពីវេលាម៉ោង ៩៖៣០នាទី ព្រឹកហើយ៤៦វិនាទី ក្រោយមកវាបានទៅដល់គន្លងគោចរ។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានអះអាងថា ខ្លួនបានតាមដានយ៉ាងដិតដល់បំផុត ចំពោះសកម្មភាពកូរ៉េខាងជើង ហើយផ្កាយរណប ដែលរុញច្រានដោយគ្រាប់រ៉ុក្កែត ក្វាងម្យុងសងនោះ ពិតជាហោះហើរទៅកាន់គន្លងរបស់វា ជាធម្មតាប្រាកដមែន៕