ដំណឹងមរណទុក្ខ! ឧត្តមសេនីយ៍ត្រី ម៉ៅ ម៉ារិន្ទ នាយការិយាល័យបុគ្គល ទីចាត់ការការងារព្រំដែន បានទទួលមរណភាព ដោយរោគាពាធ
10-11-2020 10:13
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ម៉ារិន្ទ អតីតនាយទាហានតស៊ូរំដោះជាតិម្នាក់ នៅឆ្នាំ១៩៧៩ ដែលបច្ចុប្បន្នមានតួនាទីជា នាយការិយាល័យបុគ្គល ទីចាត់ការការងារព្រំដែន បានទទួលមរណភាពនៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ម៉ារិន្ទ ក៏ធ្លាប់បានចូលរួមក្នុងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពតផងដែរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពឧត្តមសេនីយ៍ត្រី ម៉ៅ ម៉ារិន្ទ នាយការិយាល័យ បុគ្គលិក ទីចាត់ការការងារព្រំដែន បានទទួលមរណភាព។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ និងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាព ទីចាត់ការការងារព្រំដែន អ.ប.ក មានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនេះ។
លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានចាត់ទុកថា មរណភាពរបស់ឧត្តមសេនីយ៍ត្រី ម៉ៅ ម៉ារិន្ទ គឺជាការបាត់បង់នាយទាហានដ៏ឆ្នើមមួយរូបក្នុងការតស៊ូ រំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយឧត្តមសេនីយ៍ត្រី ម៉ៅ ម៉ារិន្ទ ជានាយទាហានឆ្នើមមួយរូប ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការការពារជាតិមាតុភូមិពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន៕