Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណៈអាកាសធាតុត្រជាក់ខ្លាំង, តំណាងរាស្រ្តដ៏សកម្ម លោកស្រី បាន ស្រីមុំ ចែកអាវរងាដល់ប្រជាពលរដ្ឋ និងជនពិការចំនួន២០៥នាក់

09-02-2016 13:25

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ អ៊ីឈាន អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែបងប្អូនប្រជាពលរដ្ឋចាស់ជរា ជនពិការ ក្នុងឃុំអូរអណ្តូង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងឱកាសនេះដែរ លោកស្រីបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីបារម្មណ៍ចំពោះពុកម៉ែបងប្អូន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយអាកាសធាតុចុះត្រជាក់ សូមឲ្យបងប្អូនទាំងអស់ ថែរក្សាសុខភាពល្អគ្រប់ៗគ្នា ។

ហើយក្នុងនាមលោកស្រី ជាអ្នកតំណាងរាស្រ្ត គណបក្សប្រជាជន មណ្ឌលប៉ៃលិន ដែលពេលនេះជារដូវត្រជាក់ ហើយខេត្តប៉ៃលិន ជាតំបន់ដែល មានព្រៃនិងភ្នំ គឺអាកាសធាតុចុះត្រជាក់ខ្លាំង រហូតដល់១៣អង្សាសេ បើធៀបតាមបណ្តាខេត្តផ្សេងៗ ដូចនេះសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ រស់នៅត្រូវមានអនាម័យ បរិភោគស្អាត និងបើមានជំងឺសូមអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅការិយាល័យតំណាងរាស្រ្ត ដោយលោកស្រី បានរៀបចំកម្មវិធីជាច្រើនដូចជា ជួយដល់ ស្រ្តីកុមារ អ្នកជំងឺ ជនរងគ្រោះ គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងចាស់ជរាក្រីក្រគ្មានទីពឹង គឺមិនប្រកាន់និន្នាការនយោបាយ សាសនាឡើយទាំងនេះ គឺដោយសារមានការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ទូទាំងប្រទេស។

លោកស្រីក៏បានអំពាវនាវផងដែរ សូមឲ្យបងប្អូន ដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមទៅបំពេញបែបបទស្នើសុំធ្វើឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលសំគាល់អត្តញ្ញាណ ជាពិសេសងាយស្រួលក្នុងការចូលរួមបោះឆ្នោត ។

នាពេលនេះលោកស្រី បានផ្តល់សម្លៀកបំពាក់ជាអាវរងា និងថវិកាដល់ប្រជាពលរដ្ឋចាស់ជរា និងជនពិការទាំង២០៥នាក់ផងដែរ៕