(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៣ បន្ត (Resumed Session of 73th WHA) ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាកិច្ចប្រជុំនេះ គឺប្រជុំបន្តពីកិច្ចប្រជុំកាលពីថ្ងៃទី១៨ ដល់ ១៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើ បញ្ហាសុខភាពជាអាទិភាពជាច្រើន ដូចជាការគ្របដណ្ដប់សុខភាពជាសាកល ការថែទាំសុខភាពបឋម ការប្រយុទ្ធនឹងជំងឺមិនឆ្លង ការចាក់ថ្នាំបង្ការ ជាពិសេសវ៉ាក់សាំងកូវីដ-១៩ ការប្រយុទ្ធនឹងជំងឺឆ្លង សុខភាពភ្នែក ដូចជាការការពារភាពងងឹតភ្នែក ការអភិវឌ្ឍធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ កម្មវិធីគាំពារមាតា កុមារ និងទារក និងកម្មវិធីអាហារូបត្ថម្ភ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំ និងអនុម័តនូវសេចក្ដីសម្រេចចិត្តមួយចំនួនដូចខាងក្រោម ៖

- ការឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ១៩ (COVID-19 Response)
- ផែនការយុទ្ធសាស្ត្រលុបបំបាត់ជំងឺមហារីកមាត់ស្បូននៅឆ្នាំ២០៣០
- ផែនការយុទ្ធសាស្ត្រសកល ស្ដីពីការស្រាវជ្រាវរក និងនវានុវត្តន៍ជំងឺរបេង
- សុខភាពភ្នែកតាមរយៈការការពារភាពពិការ និងងងឹតភ្នែក
- ពង្រឹងកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពចំណីអាហារ
- របៀបវារៈចាក់ថ្នាំបង្ការឆ្នាំ២០៣០ (Immunization Agenda 2030)_
- ទស្សវត្យសុខភាពមនុស្សចាស់ឆ្នាំ២០៣០ (Decade of Healthy Ageing 2020-2030)
- ការត្រៀមរៀបចំ ទប់ស្កាត់ជំងឺផ្តាសាយ (Influenza Preparedness)
- កំណែទម្រង់អង្គការសុខភាពពិភពលោក (WHO Reform)
- យុទ្ធសាស្ត្រសកល ស្ដីពីសុខភាពសាធារណៈ នវានុវត្តន៍ និងកម្មសិទ្ធិបញ្ញា

កិច្ចប្រជុំបានសម្រេចជ្រើសរើសទីក្រុងណ៖ ប្រទេសស្វីស សម្រាប់មហាសន្និបាតសុខភាពពិភពលោក លើក៧៤។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមប្រទេសជាសមាជិកមួយ នៃអង្គការសុខភាពពិភពលោក ក៏បានសម្ដែងនូវការគាំទ្រសេចក្ដីសម្រេចចិត្តខាងលើដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖