(បន្ទាយមានជ័យ)៖ ដោយមើលឃើញពីការធ្លាក់ខ្លួន និងលំបាកយ៉ាងខ្លាំងលើជីវភាពប្រចាំថ្ងៃ និងដោយមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន នោះ នៅថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៦នេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំស្នងការរង អធិការក្រុងប៉ោយប៉ែត និងមន្រ្តីនគរបាលមួយចំនួនទៀត យកអំណោយរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារ ព្រមទាំងថវិកា២០០ដុល្លុារ និង៥០មឺិនរៀលទៅប្រគល់ជូន លោក សំវណ្ណារ៉ា រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលកំពុងមានជំងឺប្រចាំកាយ ហើយមានម្តាយ កូនពិការទៀតផង។
សូមបញ្ជាក់ថា លោក សំ វណ្ណារ៉ា អាយុ៤២ឆ្នាំ ត្រូវបានគេដឹងថា ជាកម្មជនដ៏សំខាន់ម្នាក់ របស់គណបក្សសង្គ្រោះជាតិ រហូតហានសន្យាថា បើខ្លួនស្លាប់ទៅសូមយកទង់គណបក្សសង្គ្រោះ ទៅដាក់លើសពរបស់ខ្លួនទៀតផង។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា ក្រុមការងាររបស់លោក នឹងចាត់ចែងជួយសាងសង់ផ្ទះ ជូនបន្ថែមទៀត ដែលមានទំហំ៤គុណ៥ម៉ែត្រ ប្រកស័ង្កសី សម្រាប់ទីជំរកឲ្យបានសមរម្យ ហើយនឹងជួយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យទៀតផង ប៉ុន្តែនៅពេលនេះជនរងគ្រោះថា ប្រើថ្នាំខ្មែរបូរាណសិន ។ លោក វណ្ណា បច្ចុប្បន្ន កំពុងមានជំងឺប្រចាំកាយដូចជា ទាចទឹក...ខណ:កូន និងម្តាយមានពិការភាព ដែលជំរុញឲ្យគ្រួសាររបស់លោក កាន់តែធ្លាក់ជ្រៅទៅៗ លំបាកយ៉ាងពន់ពេក។
សូមបញ្ជាក់ថា លោក វណ្ណារ៉ា សកម្មជនដ៏ប្តូរផ្តាច់របស់គណបក្សសង្រ្គោះជាតិ សូម្បីតែថ្ងៃមរណារបស់ខ្លួន ក៏សូមឲ្យយកទង់ គណបក្សសង្រ្គោះជាតិគ្របសពផងដែរនោះ បាននិងកំពុងរងទុក្ខវេទនាក្នុងជីវិតយ៉ាងខ្លាំង តែលោកហាក់មិនបានទទួលភាព កក់ក្តៅពីថ្នាក់ដឹកនាំរបស់ខ្លួនោះឡើយ។
លោក វណ្ណារ៉ា បានរៀបរាប់ថា រូបលោក បានប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីជួយគណបក្សសង្រ្គោះជាតិ ពោលរូបលោកបានជួយ និងគាំទ្របក្សអស់រយៈពេលជិត ២០ឆ្នាំមកហើយ តាំងពីនៅជាគណបក្ស សម រង្ស៊ី មកម្ល៉េះ។ លោក វណ្ណារ៉ា បានថ្លែងបន្តថា រូបលោកបានជួយបក្សតាំងពីផ្ទះធំទ្រនំខ្ពស់ រហូតធ្លាក់នៅផ្ទះខ្ទម ហើយត្រូវធ្វើការទាំងយប់ព្រលប់ ក៏ឥតមានការត្អូញត្អែរ ព្រោះតែចិត្តលោកស្រឡាញ់បក្ស។
បច្ចុប្បន្ន លោក វណ្ណារ៉ា បាននិងកំពុងធ្លាក់ខ្លួនមានជំងឺ កូនប្រុសអាយុ ១០ឆ្នាំ រស់នៅជាមួយពិការភាព ខណៈម្តាយមានវ័យចំណាស់ ក៏មានជំងឺប្រចាំកាយ រីឯភរិយាបានរត់ចោលខ្លួនថែមទៀត។ និយាយស្ថានភាពជីវិតរបស់លោក វណ្ណារ៉ា កំពុងជួបនូវសភាពយ៉ាប់យឺនជាពន់ពេក ក្តីវេទនារបស់គាត់ ហាក់មិនត្រូវបានថ្នាក់ដឹកនាំបក្ស ដែលលោកខិតខំលះបង់កម្លាំងកាយចិត្ត និងទ្រព្យធន មើលឃើញនោះឡើយ។
ជាមួយគ្នានេះនាឱកាសនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន១០មឺុនរៀល ជូនមន្រ្តីនគរបាល ដែលកំពុងជួបការលំបាកផងដែរ។
នៅថ្ងៃម្សិលមិញ លោកស្នងការ និងស្នងការរង មេបញ្ជាការវរលេខ៨១៥ និង៨៩១ ព្រមទាំងអធិការស្រុកម៉ាឡៃ បាននាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកា ២០មឺុនរៀល ជូនបុរសពោះម៉ាយម្នាក់ឈ្មោះ ប៊ុន សុផាន់ អាយុ៦៨ឆ្នាំរស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ក្រោយពីផ្ទះរបស់ខ្លួន ត្រូវបានភ្លើងឆេះព្រៃហើយរីករាលដាលឆេះផ្ទះ របស់គាត់គ្មានសល់។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា ក្រោមការណែនាំពីលោកប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នោះ នឹងរៀបចំធ្វើផ្ទះជូនគាត់ឡើងវិញ ដែលមានទំហំ ៤គុណ៥ម៉ែត្រ ប្រកស័ង្កសី តែរង់ចាំគាត់រកសីុថ្មីសិន។ លោកបានផ្តាំផ្ញើការសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូ ដល់ការលំបាករបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕