(ភ្នំពេញ)៖ សោធននិវត្តន៍ នៃកងរាជអាវុធហត្ថ២៥រាជធានី-ខេត្ត ចំនួន៣៤៥នាក់ បានមកជួបជុំគ្នានៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដើម្បីបើកប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករងអគ្គនាយកដ្ឋានយោធសាវា ក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការ គោលនយោបាយយោធិន សោធននិវត្តន៍។ ក្នុងឱកាសនាពេលនោះ នាយទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២០ ក៏មានចំនួន៣៣នាក់ផងដែរ។
ដោយឡែកនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន១៣នាក់ (សោធននិវត្តន៍ ចំនួន១២នាក់ និងនាយការិយាល័យបុគ្គលិក០១នាក់) ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយខាងលើ ក៏បានឆ្លៀតឱកាសសុំចូលជួប និងសម្តែងការនឹករលឹក ដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលលោកធ្លាប់ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជាច្រើនឆ្នាំ មុនពេលលោកផ្លាស់មកទទួល តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣។
ក្នុងនាមធ្លាប់ជាអាណាព្យាបាលផ្ទាល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវមនោសញ្ចេតនា រំភើបរីករាយ ឥតឧបមា ដែលបានជួបជាមួយអតីតនាយទាហានក្រោមឱវាទ របស់លោកគ្រប់គ្នា ដោយលោកបានសំណេះសំណាលសួរសុខទុក្ខទាំងសាម៉ីខ្លួនក៏ដូចជាក្រុមគ្រួសារ និងបានណែនាំ នាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទាំង១៣នាក់ បានដើរទស្សនា ហេដ្ឋារចនាសម្ព័ន្ធ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានផ្តល់អំណោយបន្តិចបន្តួច រួមមាន ភេសជ្ជៈ១៣កេស, មី១៣កេស, ចាហួយ១៣ ក្រឡ ព្រមជាមួយថវិកា ២,៦០០,០០០រៀល ជូនពួកគាត់ចែកគ្នា ទុកជាចំណងដៃ យកត្រឡប់ទៅកាន់ខេត្តបន្ទាយមានជ័យវិញ៕