(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួបលើកទី ៦៧ឆ្នាំហើយ នៃទិវាឯករាជ្យជាតិខ្មែរ ក្រោមស្នាព្រះហស្ថរបស់ អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ដែលបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីអាណានិគមនិយមបារាំង។ ជារៀងរាល់ឆ្នាំ ទិវាមួយនេះតែងតែត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ត្រីរាជការ និងប្រជាពលរដ្ឋ ទៅចូលរួមធ្វើពិធីរំលឹក នៅមណ្ឌបឯវិមានឯករាជ្យ។
ទិវាបុណ្យឯករាជ្យជាតិខ្មែរដែលជាតិទាំងមូលមួយនេះ ទទួលបានឯករាជ្យពេញលេញ ពីប្រទេសបារាំងកាលពី ៦៧ឆ្នាំមុននោះ ក៏មានការដឹងឮជាសកលផងដែរ។ ក្នុងនោះគេឃើញមានសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា ASEAN និងក្រុមហ៊ុន Google ក៏បានចូលរួមអបអរសាទរពិធីបុណ្យជាតិខ្មែរយើងនេះ។
យោងតាម Facebook របស់អាស៊ានបានសរសេរសារយ៉ាងដូច្នេះថា «រីករាយទិវាឯករាជ្យដល់មិត្តខ្មែរយើង! ទិវារំលឹកពីជោគជ័យរបស់ប្រទេសជាតិ ក្នុងការយកឈ្នះលើអាណានិគមនិយមនៅឆ្នាំ ១៩៥៣»។
ចំណែកឯក្រុមហ៊ុន Google វិញ គេឃើញក្រុមហ៊ុននេះបានដាក់ទង់ជាតិកម្ពុជា នៅលើគេហទំព័ររបស់ខ្លួនដោយមានសរសេរថា «Cambodia Independence Day»៕