(ភ្នំពេញ)៖ ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តា ប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។
រយៈពេល១៤ឆ្នាំកន្លងមកនេះ កងទ័ពមួកខៀវកម្ពុជា សម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ UN នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃក្នុងរាំរ៉ៃ។
ក្នុងបរិបទនេះ ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិតបីទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។
បន្ថែមលើភារកិច្ចស្នូលរបស់ កងយោធពលខេមរភូមិន្ទ ដៃម្ខាងជ្រោងទង់ជាតិកម្ពុជា ការពារជាតិមាតុភូមិ ការពារបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឯដៃម្ខាងទៀតជ្រោងទង់ជាតិ អង្គការសហប្រជាតិ ជួយបណ្តាប្រទេស និងប្រជាជាតិដែលកំពុងលិចលង់ដោយជម្លោះ និងសង្គ្រាម ឱ្យទទួលបានសន្តិភាព ដូចប្រទេសកំពុងអភិវឌ្ឍនានាលើពិភពលោក។
ក្រោយពីមានកិច្ចព្រមព្រាងលើសន្ធិសញ្ញាសន្តិភាពនាទីក្រុងប៉ារីស ប្រទេសបារាំងថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព មកប្រទេសកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ១៩៩២ ដែលហៅកាត់ថា UNTAC ហើយកម្លាំងនេះ បានធ្វើមាតុភូមិនិវត្តន៍ចេញពីប្រទេសកម្ពុជាវិញ ក្នុងខែកញ្ញា ឆ្នាំ១៩៩៣ ក្រោយពីបានប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជាចំនួន១៨ខែ។
ដោយសារនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្រោយពីបានធ្វើសមាហរណកម្មយោធា ក្នុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជា បានទទួលនូវសន្តិភាពពេញលេញ ដែលមានការឯកភាពជាតិតែមួយ។ ផ្អែកលើកត្តាសន្តិភាពនេះហើយ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើអោយកម្ពុជាបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ដែលមានគណៈកម្មាធិការជាតិ ធ្វើការសម្របសម្រួល ជាមួយអង្គការសហប្រជាជាតិ និងក្រសួងស្ថាប័ណពាក់ព័ន្ធនានា។
គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២០នេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៧១២៣នាក់ ក្នុងនោះមានកម្លាំងនារីចំនួន៤១៩នាក់ ទៅចូលរួមបំពេញ បេសកកម្មអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន លើជំនាញបោសសម្អាតមីន កម្ទេចគ្រឿងផ្ទុះ អាវុធហត្ថ មន្ទីរពេទ្យកំរិត២ វិស្វកម្មសំណង់ផ្តេក-សំណង់បញ្ឈរ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
ឆ្នាំនេះ គឺជាខួបលើកទី១៤ នៃការចូលរួមបេសកកម្មរបស់កម្លាំងមួកខៀវកម្ពុជា ទោះបីជាស្ថានការណ៍បច្ចុប្បន្នប្រឈមនឹងហានិភ័យខ្ពស់ មានលក្ខណៈស្មុគស្មាញមិនធ្លាប់មានពីមុនមក ក៏កម្លាំងយើងបន្តបោះជំហានឆ្ពោះទៅមុខ បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមសីតុណ្ហភាពដ៏ក្តៅហួតហែងផង ត្រជាក់ផង ព្រមជាមួយនឹងព្យុះខ្សាច់សាហារ៉ាផង និងហានិភ័យមិនអាចស្មានត្រូវរាប់មិនអស់ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិ ដើម្បីសម្រេចបេសកកម្ម ភារកិច្ចដាក់ចេញដោយអង្គការសហប្រជាជាតិ។
រយៈពេល១៤ឆ្នាំនេះ កម្ពុជាបានបង្កើតមិត្តភ័ក្រជាច្រើនជាមួយបណ្តាប្រទេសតូចធំ ដែលស្នេហាសន្តិភាព និងចង់បានសន្តិភាព។ រីឯការបញ្ជូនកម្លាំងជានារីផ្នែកនាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទទួលបាន១៧.២% លើសពីការកំណត់របស់ អ.ស.ប ដែលបានកំណត់ត្រឹម១៥% នាឆ្នាំ២០១៨។ ហើយបច្ចុប្បន្ននេះ តាមការវាយតម្លៃចុងក្រោយពី អ.ស.ប នារីមួកខៀវកម្ពុជា បន្តរក្សាចំណាក់ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ានទាំង១០ប្រទេស។ ទន្ទឹមនឹងនេះ កម្ពុជានៅបន្តរក្សាកេរ្តិ៍តំណែលជាប្រទេសដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការជួញដូរផ្លូវភេទ។
ដោយឡែកនៅឆ្នាំ២០២០នេះ មជ្ឈមណ្ឌលជាតិបានបង្កើនការចូលរួមរបស់នារីដល់ទៅ៣៨% ដែលមានចំនួន២៨នាក់/៧៣នាក់ ក្នុងកងអនុសេនាធំអាវុធហត្ថទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង ដោយមានតួនាទីជាមេបញ្ជាការរង ប្រធានភស្តុភារ ប្រធាន និងអនុប្រធានក្រុម ក្នុង៦តំបន់ មាន៧គោលដៅ ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាបង្កើនការចូលរួមរបស់នារី ឱ្យបាន២០% តាមការស្នើសុំរបស់ អ.ស.ប។បច្ចុប្បន្នកងទ័ពមួកខៀវកម្ពុជា កំពុងបន្តបេសកកម្ម នៅប្រទេសចំនួន៥ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និង ម៉ាលី ដែលមានកម្លាំងសរុប៧៨១នាក់ ក្នុងនោះកម្លាំងនារីចំនួន៩២នាក់។ ទោះបីជាមានឧបសគ្គនិងហានិភ័យខ្ពស់ក៏ដោយ ក៏កងកម្លាំងមួកខៀវកម្ពុជា តែងតែសម្រេចបានជោគជ័យលើភារៈកិច្ច និងទទួលបានការកោតសសើរ ពីសំណាក់អគ្គលេខាធិការ និងមន្ត្រីរបស់អង្គការសហប្រជាជាតិជានិច្ច។
កងកម្លាំងមួកខៀវកម្ពុជា ដែលពោរពេញដោយបទពិសោធន៍ ពិតជាមានចំណេះជំនាញច្បាស់លាស់ លើជំនាញបោសសម្អាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិស្វកម្មលើជំនាញសំណង់ផ្តេក សំណង់បញ្ឈរ វិស្វកម្មព្រលានយន្តហោះ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
មុនចេញទៅបំពេញបេសកកម្ម កម្លាំងមួកខៀវកម្ពុជាទាំងអស់បានទទួលការហ្វឹកហ្វឺន ការបណ្តុះបណ្តាលច្បាស់លាស់ ពីយោធាចារ្យជាតិ និងយោធាចារ្យអន្តរជាតិ មានដូចជាអូស្រ្តាលី សហរដ្ឋអាមេរិក សាធារណៈរដ្ឋប្រជាមានិតចិន ជប៉ុន ហ្វីលីពីន ថៃ បារាំង ឥណ្ឌា រុស្ស៊ី និងប្រទេសជាមិត្តមួយចំនួនទៀត។ ក្រៅពីធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាល នៅក្នុងប្រទេស កម្លាំងមួកខៀវកម្ពុជា ត្រូវបានបញ្ជូនទៅបណ្តុះបណ្តាល លើកកម្ពស់ ពង្រឹងសមត្ថភាព នៅតាមបណ្តាប្រទេសជាមិត្តជាច្រើនបន្ថែមទៀត ដូចជានៅសាធារណរដ្ឋប្រជាមានិតចិន ម៉ុងហ្គោលី បង់ក្លាដេស។ល។
អំឡុងពេលដែលពិភពលោកទទួលរងវិបត្តិពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដាក់វិធានការយ៉ាងម៉ឹងមាត់ ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ការការឆ្លងមេរោគដ៏កាចសាហាវនេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនសម្ភារៈ ឧសថ និងបរិក្ខាពេទ្យគ្រប់គ្រាន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់តំបន់បេសកកម្ម ដែលទ័ពមួកខៀវកម្ពុជាកំពុងឈរជើង ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ដោយឡែកនៅក្នុងប្រទេស មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន២កន្លែង គឺនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅស្រុកភ្នំស្រួច និងនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានបន្ទប់ត្រឹមត្រូវតាមស្តង់ដារ ដោយមានការត្រួតពិនិត្យ និងឯកភាព ពីសំណាក់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
អគារកម្ពស់១៨ជាន់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្តល់ជាចំណងដៃជូនដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
នាយឧត្តមសេនិយ៍ សែម សុវណ្ណនី ព្រមទាំងនាយទាហាន ពលទាហានក្រោមឱវាទទាំងអស់ បានដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលតែងផ្តល់ការឧបត្ថម្ភដល់ស្ថាប័នមជ្ឈមណ្ឌលជាតិបង្កគ្រប់លក្ខណៈសម្បត្តិ ដល់កងកម្លាំងមួកខៀវកម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មរួមជាមួយបណ្តាប្រទេស បរិច្ចាគកម្លាំងក្រោមឆត្រអង្គការសហប្រជាជាតិកសាងបាននូវកិត្យានុភាពជូនជាតិមាតុភូមិគួរជាទីមោទនៈ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា កន្លងទៅអស់រយៈកាល១៥ឆ្នាំ ចាប់តាំងពីពេលបង្កើតស្ថាប័នកងកម្លាំងមួកខៀវកម្ពុជា ឆ្នាំ២០០៥ -២០២០ សំណង់អគារកម្ពស់១៨ជាន់នេះ គឺជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់នូវភាពងាយស្រួលដល់ស្ថាប័នមួកខៀវកម្ពុជា ក្នុងកិច្ចប្រតិបត្តិការជាមួយរាល់ស្ថាប័នពាក់ព័ន្ធទាំងក្នុងប្រទេស និងជាមួយបណ្តាប្រទេសនានាលើសកលលោក ក្នុងការចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។
អគារកម្ពស់១៨ជាន់ខាងលើនេះ គឺបង្ហាញពីឧត្តមភាពកងកម្លាំងមួកខៀវកម្ពុជានាឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះវគ្គហ្វឺកហ្វឺនជំនាញរក្សាសន្តិភាពត្រីភាគី (អង្គការសហប្រជាជាតិ ជប៉ុន កម្ពុជា)៕