(ភ្នំពេញ)៖​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅកាត់ថា​ ស៊ី​ខាវ​ឌូ​ របស់គឺលោក អាត់ ធន់ និង​សហការី​៣នាក់​ទៀត​ ត្រូវ​បានលោក​ស្រី​ ម៉ាលីន​ ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ម្សិលមិញ បានសម្រេចចោទប្រកាន់​ពី​បទ ​រារាំង​អាជ្ញាធរ​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ដោយ​ភ្ជាប់​ព្រឹត្តិការណ៍​ហិង្សា​ នៅមុខ​​ក្រុមហ៊ុន​កាពីតូល​ ដែល​បណ្ដាល​ឲ្យ ​អធិការ​រង​នគរបាល​ខណ្ឌ​៧មករា​ម្នាក់​ និង​នគរបាល​ប៉ុស្តិ៍​វាលវង់​ម្នាក់​រង​របួស​។

សូមបញ្ជាក់ថា ​នៅ​រសៀល​ថ្ងៃ​ទី០៨ ខែកុម្ភៈដដែលនោះ​ បុរស​ម្នាក់​ជា​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល​ និង​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ និង​បទ​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧មករា ​ឲ្យដឹងថា៖​ មនុស្ស​ទាំង​ពីរ​នាក់​នេះ​ឈ្មោះ​ ណន​ វណ្ណា​ អាយុ​៣៨ឆ្នាំ​ មុខ​របរ​ជា​អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល​ មាន​ទីលំនៅ​ផ្ទុះ​ជួល​ ផ្លូវ​លំ​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ និង​ ឈ្មោះ​ រស់​ ស៊ី​ផៃ​ អាយុ​៣៣ឆ្នាំ​ មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ មាន​ទីលំនៅ​ផ្ទុះ​លេខ​៥៨០​ ផ្លូវ​ឡកំបោ​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ព្រែកព្នៅ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ កាល​ពី​ថ្ងៃទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ យោង​តាម​ពាក្យ​បណ្ដឹង​របស់​ឈ្មោះ​ ឆែល​ វណ្ណ​ណេង​ អាយុ​២៣ឆ្នាំ​ ជា​នគរបាល​ប៉ុស្តិ៍​វាលវង់​ និង​ ឈ្មោះ​ អ៊ូ​ ពៅ​ អាយុ​៤២ឆ្នាំ​ ជា​អធិការ​រង​នគរបាល​ខណ្ឌ​៧មករា​៕

 

Posted by Fresh News Photo on Saturday, February 6, 2016