(ភ្នំពេញ)៖ លទ្ធផលធ្វើតេស្ដលើកទី២ រកមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនៅមុននេះបន្ដិចថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកនៅជាមួយសម្ដេចទាំងអស់ លទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រ Facebook យ៉ាងដូច្នេះថា៖
«ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំ និងភរិយាព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់ខ្ញុំទាំងអស់ ទៅធ្វើតេស្តជាលើកទី២។ លទ្ធផល គឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត នឹងរង់ចាំការធ្វើតេស្តជាលើកទី៣ នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ វិច្ឆិកា។
ខ្ញុំកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តបងប្អូនជិត៩០០នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ ដែលខ្ញុំសូមដាក់ឈ្មោះថា (ព្រឹត្តិការណ៍៣វិច្ឆិកា)។
ព្រឹត្តិការណ៍ (៣វិច្ឆិកា) នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ ដឹងថា វិជ្ជមាន ឬអវិជ្ជមាន ដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំឲ្យមនុស្សកើនឡើង តម្រូវឲ្យអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័ក កុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណា ត្រូវយកអ្នកនោះមកធ្វើតេស្ត និងធ្វើចត្តាឡីស័កថែមទៀត ដែលនឹងធ្វើឲ្យកាន់តែលំបាក ប្រើពេលកាន់តែយូរមនុស្សកាន់តែច្រើន។
ដើម្បីបញ្ជៀសករណីដូចដែល ខ្ញុំលើកឡើងខាងលើ ខ្ញុំសុំចេញបទបញ្ជាឲ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាល ពិនិត្យតាមដានគ្រប់មនុស្ស ដែលបាននិងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តន៍ មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័ក តាមទីកន្លែងដែលរៀបចំដោយ ក្រសួងសុខាភិបាល ដោយមានការយាមកាមពី កម្លាំងនគរបាល ឬកងរាជអាវុធហត្ថឲ្យបានហ្មត់ចត់។
នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ឲ្យបានឆាប់តាមរយៈកុំឲ្យកើនចំនួនមនុស្សពាក់ព័ន្ធ ដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំឲ្យកម្ទេចភ្លើងក្លាយជាអគ្គីភ័យ តាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និងសុំកុំអង្គុយបក់ផ្សែង។
ព្រឹត្តិការណ៍៣វិច្ឆិកា នឹងបញ្ចប់ក្នុងខែវិច្ឆិកានេះ ដែលមិនត្រូវពន្យាពេល។ សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពីកូវីដ-១៩»៕