(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ទទួលបានអំណោយពីសប្បុរសជន ដើម្បីបន្ដចែកជូនជនរងគ្រោះដោយទឹកជំនន់ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រួមមាន ថវិកាចំនួន៤០លានរៀល, អង្ករ៣១តោន, មី៦០០កេស, ទឹកសុទ្ធ១០០កេស និង៦០០យួរ និងខោអាវ៦០០ឈុត។
អំណោយទាំងអស់នេះ ជាគំនិតផ្ដួចផ្ដើមពី លោក ចាន់ រតនា អគ្គនាយក នៃក្រុមហ៊ុន ហ្គោលដេន គ្លូប៊ល រៀល អ៊ីស្ទេត និងលោក ចាវ ជឹយ៉ុង ជាប្រធានក្រុមព្រះវិហារ ហ្វាអ៊ីឆុងតឺ បានធ្វើកម្មវិធីប្រមូលជាមូលនិធិ នៃពីសប្បុរសជននានា និងពីធីហូបអាហារបួស បួងសួងសុំសេចក្តីសុខ ដែលបានចូលរួមបរិច្ចាកនូវថវិកា និងជាសម្ភារផ្សេងៗដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ និងប្រជាជនទីទាល់ក្រ។
ពិធីប្រគល់ និងទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ជា សំណាង នាយកខុទ្ទកាល័យរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, លោក ម៉ែន ដែន ទីប្រឹក្សា និងលោក សំ សារ៉ាត់ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំងមានការចូលរួមពី បុគ្គលិក នៃក្រុមហ៊ុន ហ្គោលដេន គ្លូប៊ល រៀល អ៊ីស្ទេត និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
អគ្គនាយកក្រុមហ៊ុន ហ្គោលដេន ហ្គូប៊ល រៀលអ៊ីស្ទេត បានបញ្ជាក់ថា រាល់មូលនិធិដែលប្រមូលបានពីសប្បុសជននានា នឹងត្រូវប្រគ្រល់ជូនដល់ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដើម្បីយកចាត់ចែងបែងចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់ និងជនទីទាល់ក្រ។
លោក សំ សារ៉ាត់ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ស្គាល់មិត្ដក្នុងគ្រាក្រីក្រ ទុក្ខលំបាកសម្រាប់មិត្ដ ជានិច្ចកាលវិស័យឯកជន តែងតែនៅជាមួយគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាជនកម្ពុជា ជួបទុក្ខលំបាកឬគ្រោះមហន្តរាយនេះតែម្ដង។
លោកបន្ដថា សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ និងជំរុញឲ្យកងកម្លាំងទាំងអស់ធ្វើយ៉ាងណា សង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឲ្យបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ ពេលវេលា។ អនុវត្តតាមបទបញ្ជានេះ អាជ្ញាធររួមមាន កងកម្លាំងប្រដាប់អាវុធពិសេស កម្លាំងកងទ័ពបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព បានដោយជោគជ័យ ជាមួយការផ្ដល់អាហារ ហូបចុកគ្រប់គ្រាន់ផងដែរ។
ជាចុងក្រោយលោក ចាន់ រតនា បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅក្រៃលែង ដល់ទឹកចិត្តសប្បុរសធម៌របស់ខាងព្រះវិហារចិន ព្រមទាំងលោក លោកស្រី ម្ចាស់សហគ្រាស និងសប្បុរសជននានា ដែលបានធ្វើការបរិច្ចាគ ក្នុងការងារសប្បុរសធម៌ក្នុងការជួយសង្គម ហើយក៏សូមប្រសិទ្ធិពរជ័យ មហាប្រសើរ ដល់សប្បុរសជនទាំងអស់ និងអរគុណនូវទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ ដែលបាននាំយកនូវអំណោយសប្បុរសធម៌ ទៅចែកជូនដល់ជនរងគ្រោះដោយទឹកជំនន់ និងជនទីទាល់ក្រ ដែលកំពុងត្រូវការជំនួយជាចាំបាច់៕