Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករសម្រុកប្រមូលផលពោតក្រហម បន្ទាប់ពីរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

09-11-2020 14:32

(បន្ទាយមានជ័យ)៖ កសិកររស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នាំគ្នាសម្រុកប្រមូលផលដំណាំពោតក្រហម និងដាំដំឡូងមីនៅលើដីចម្ការរបស់ខ្លួន ស្ថិតក្នុងស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ ដែលនៅសេសសល់ ក្រោយរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រជាកសិករ បានប្រាប់ថា នៅចុងឆ្នាំនេះ ពួកគាត់ជួបការលំបាកបញ្ហាគ្រោះធម្មជាតិ មិនអំណោយផលធ្វើឱ្យជីវភាពគ្រួសាគាត់ស្ថិតក្នុងសភាពវឹកវររាល់ថ្ងៃនេះ ដេកមិនលក់បក់មិនល្ហើយនោះទេ ដោយសារតែមេឃភ្លៀងធ្លាក់រាល់ថ្ងៃជាប់ៗគ្នា បណ្តាលឱ្យជាំទឹកក្នុងចម្ការ រលួយមើមខូចខាតដំណាំដំឡូងមីរបស់ខ្លួនគ្មានសល់សូម្បីតែបន្តិចនោះឡើយ។

កសិករបានបន្តទៀតថា ឆ្នាំនេះគាត់ពិតជាមានការខាតបង់អស់ច្រើន ដោយសារចំណាយថវិកាទិញដើមដំឡូងមី យកទៅដាំនៅលើដី១០ហិកតា និងទិញពូជគ្រាប់ពោតក្រោម ដាំនៅលើដី១ហិកតា ដោយសង្ឃឹមថា នៅពេលប្រមូលផល អាចនឹងលក់បានប្រាក់ខ្លះៗសម្រាប់យកទៅសងជំពាក់គេ ហើយសល់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែដោយសារគ្រោះធម្មជាតិភ្លៀងខ្លាំង ធ្វើឱ្យគាត់អស់សង្ឃឹមយ៉ាងខ្លាំង ហើយមើលទៅមិនអាចរកថវិកាសងជំពាក់គេរួចរាល់នោះឡើយ។

កសិករបញ្ជាក់ថា នៅក្នុងចម្ការពោតនេះ ទទួលផលត្រឹម១០ភាគរយប៉ុណ្ណោះ ព្រោះភ្លៀងខ្លាំងពេកធ្វើឱ្យផ្លែពោតខ្លះដុះពន្លកនៅក្នុងផ្លែ ហើយខ្លះទៀតមានការដួលហូរតាមទឹក ខូចខាតអស់មួយចំនួនដែរ។

ការស៊ីឈ្មួលប្រមូលផលផ្លែពោត គឺម្ចាស់ចម្ការគិតឱ្យក្នុង ១ការ៉ុងតម្លៃ ៧,០០០រៀល ដោយក្នុង១ថ្ងៃ ពួកគាត់អាចកាច់ស្នៀតពោត បានប្រហែលជាង១០ការ៉ុង។ បើតាមប្រជាកសិករ ដំណាំពោតក្រហមនៅឆ្នាំ២០២០នេះ មិនសូវទទួលផលច្រើនដូចឆ្នាំមុននោះទេ ដោយសារតែពេលពោតកំពុងតែចេញផ្កា និងដាក់ស្នៀតគឺមានភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃពេក ធ្វើឱ្យស្កក លុះពេលពោតទុំ មេឃនៅតែភ្លៀង បណ្តាលឱ្យគ្រាប់ពោតដុះពន្លកនៅក្នុងផ្លែតែម្តង។

ចំណែកកន្លែងខ្លះ ត្រូវបង្ខំចិត្តប្រមូលផល ទាំងមើមដំឡូងមិនទាន់គ្រប់អាយុ ហើយក៏លំបាកដឹកយកទៅលក់ ខណៈទីផ្សារពោតក្រហម១ គីឡូក្រាមឈ្មួញទិញ ៤.៥បាត (ប្រាក់ថៃ) រីឯដំឡូងមី ១គីឡូក្រាម ឈ្មួញទិញ ១.៥បាត ដែលមានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច៕